បន្ទាយមានជ័យ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានដឹកនាំក្រុមការងារ សមាជិក សមាជិកា និងសប្បុរជនជាច្រើនរូប ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនដល់ លោកវរសេនីឯក ឡុង សំណាង មេបញ្ជាការនៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ប្រចាំទីតាំងទិសបឹងត្រកួន និង ក្រុមគ្រួសារពលរដ្ឋភៀសសឹក ដែលបានបាត់បង់សមាជិកដោយគ្រាប់ប្លោងពីចោរឈ្លានពានទឹកដីសៀម ចំនួន ៥គ្រួសារ។
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅ ភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងបរិយាកាសសាមគ្គី ខ្មែរជួយខ្មែរ និងការចូលរួមយ៉ាងកក់ក្តៅពីភាគីពាក់ព័ន្ធរួមមាន៖
ឯកឧត្តម សួង ហួត ទីប្រឹក្សាជាន់ខ្ពស់
ឯកឧត្តម ឈុំ វាសនា អនុប្រធានប្រចាំការ
ឯកឧត្តម អ៊ុន ដារ៉ា អនុប្រធាន
ឯកឧត្តម លី វិចិត្រ អនុប្រធាន
ព្រមទាំង លោកប្រធានក្រុមប្រឹក្សាស្រុកថ្មពួក, លោកមេឃុំគោករមៀត, សមាជិក សមាជិកា សប្បុរជន និងក្រុមការងារជាច្រើនរូបទៀត។
សូមបញ្ជាក់ថា អំណោយទាំងនេះ គឺទទួលបានពីការចូលរួមបរិច្ចាគរបស់សហភាពសហព័ន្ធ ដែលជាសមាជិកភាពរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ព្រមទាំងបងប្អូនកម្មករ-កម្មការិនី និងសប្បុរជនជាច្រើនរូប ក្នុងគោលបំណងគាំទ្រកម្លាំងនៅសមរភូមិមុខ និងជួយសម្រួលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ។
អំណោយដែលបានផ្ដល់ជូន រួមមាន៖
1.សម្រាប់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ទទួលបាន៖ អង្ករ ១តោន, ទឹកត្រី ២៥យួរ, ទឹកស៊ីអ៊ីវ ២៥យួរ, ទឹកសុទ្ធ ២៥កេសធំ, មីខ្លាឃ្មុំ ២៥កេស, មីជាតិ ២០កេស, ត្រីងៀត និងអំបុក ព្រមទាំងថវិកាចំនួន ១,០០០,០០០រៀល
2.សម្រាប់ក្រុមគ្រួសារទទួលរងគ្រោះមានចំនួន ៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មីខ្លាឃ្មុំ ១កេស, ទឹកសុទ្ធ ១កេសធំ និងថវិការចំនួន ១០០,០០០រៀល
ការផ្ដល់អំណោយនេះ បង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែកនិងការគាំទ្រ របស់ចលនាសហជីព កម្មករ-កម្មការិនី និងសប្បុរជន ក្នុងការរួមចំណែកជួយសង្គម និងលើកទឹកចិត្តដល់កម្លាំងការពារព្រំដែន និងប្រជាពលរដ្ឋរងគ្រោះ៕















