កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបកូនតិរច្ឆានម្នាក់ ស្រវឹងស្រាទាញកាំបិតផ្គាក់ដេញកាប់សម្លាប់ម្ដាយបង្កើត
Roth - ២៣ កុម្ភៈ ២០២៦
image

(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ឃាត់ខ្លួនបុរសម្នាក់ជាបន្ទាន់ បន្ទាប់ពីជននេះបានប្រើអំពើហិង្សាយ៉ាងសាហាវឃោរឃៅ ដោយទាញកាំបិតផ្គាក់ដេញកាប់សម្លាប់ម្ដាយបង្កើត និងគំរាមកំហែងដល់សមត្ថកិច្ច កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ។

 

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅក្នុង ភូមិអំពិលក្តា ឃុំវាលពន់ ស្រុកថ្ពង។ តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សន ព្រឹម អាយុ ៦៥ ឆ្នាំ (ត្រូវជាម្ដាយបង្កើត) បានរៀបរាប់ថា កូនប្រុសបង្កបញ្ហារូបនេះ តែងតែប្រើប្រាស់គ្រឿងស្រវឹង ហើយជេរប្រមាថ និងគំរាមកំហែងសម្លាប់គាត់ជាញឹកញាប់នាពេលកន្លងមក។

 

នៅក្នុងថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងបាត់បង់ស្មារតី រួចទាញកាំបិតផ្គាក់ដេញកាប់រូបគាត់ ប៉ុន្តែសំណាងល្អដែលគាត់រត់គេចខ្លួនទាន់ពេល។ ដោយកំហឹងបិទបាំងសតិ ជនសង្ស័យបានបន្តទៅកាប់បំផ្លាញខ្សែភ្លើង និងទ្រព្យសម្បត្តិនៅក្នុងផ្ទះថែមទៀតផង។

ទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះទៅដល់ទីតាំងភ្លាមៗ។

 

ក្នុងខណៈសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យមិនត្រឹមតែមិនរាងចាលទេ ថែមទាំងបង្ហាញភាពកោងកាច ដៃកាន់កាំបិតផ្គាក់ស្រែកជេរប្រមាថ និងគំរាមកំហែងដល់កម្លាំងអាវុធហត្ថថែមទៀតផង។ ទោះជាយ៉ាងណា ក្រោមវិធានការជំនាញ និងភាពម៉ឺងម៉ាត់ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនបង្កបាននៅនឹងកន្លែង រួមជាមួយវត្ថុតាង កាំបិតផ្គាក់ចំនួន ១ ដើម។

ជនសង្ស័យ ឈ្មោះ៖ ផុន ទីន ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ អាសយដ្ឋាន ភូមិអំពិលក្តា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ និងការគំរាមកំហែងសម្លាប់។


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣