សេចក្តីរាយការណ៍បឋម ពីកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តមួយកន្លែង កណ្តាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ រឹបអូសបានថ្នាំញៀនមួយចំនួន។
ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តស្វាយរៀង។សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាលចាប់ខ្លួនជនល្មើសជាង ៣០០នាក់ រួមមាន ជនជាតិខ្មែរ ជនជាតិចិន និងជនជាតិវៀតណាម ព្រមទាំងដកហូតថ្នាំញៀនមួយចំនួន, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ, ទូរស័ព្ទដៃ និងរថយន្តមួយចំនួនផងដែរ ។
ក្រោយបញ្ចប់ប្រតិបត្តិការ ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅសួរនាំ ដោយភ្ជាប់ជាមួយនិង វត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕















