អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនបានទទួលការអញ្ជើញពីសហរដ្ឋអាមេរិកឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្គាហ្សា។
លោក គូ បានប្រាប់អ្នកសារព័ត៌មានថា «ប្រទេសចិនបានទទួលការអញ្ជើញពីសហរដ្ឋអាមេរិក»។
នៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយដែលបានស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីគាំទ្រផែនការដ៏ទូលំទូលាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីដោះស្រាយស្ថានការណ៍នៅតំបន់ហ្គាហ្សា។ សមាជិកចំនួន ១៣រូបក្នុងចំណោម ១៥រូបរបស់ក្រុមប្រឹក្សាបានបោះឆ្នោតគាំទ្រ ខណៈដែលរុស្ស៊ី និងចិនបានបោះឆ្នោតអនុប្បវាទ។ ផែនការរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ហ្គាហ្សាស្នើឱ្យមានការគ្រប់គ្រងអន្តរជាតិបណ្តោះអាសន្ននៃតំបន់នេះ និងការបង្កើតក្រុមប្រឹក្សាសន្តិភាពដែលមានលោក ត្រាំ ជាប្រធាន ក៏ដូចជាការដាក់ពង្រាយកម្លាំងស្ថិរភាពអន្តរជាតិ។
នៅថ្ងៃទី១០ ខែតុលា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងចលនាហាម៉ាសប៉ាឡេស្ទីនបានចូលជាធរមាន។ នៅថ្ងៃទី១៣ ខែតុលា លោក ត្រាំ ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតតាហ៍ ស៊ីស៊ី (Abdel Fattah Sisi) ព្រះអង្គម្ចាស់ តាមីម ប៊ីន ហាម៉ាដ អាល់ ថានី (Tamim bin Hamad Al Thani) របស់ប្រទេសកតា និងប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) បានចុះហត្ថលេខាលើសេចក្តីប្រកាស ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា៕


