បណ្តាមេដឹកនាំនៅអឺរ៉ុបកំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀងមួយ ស្តីពីអនាគតរបស់កោះហ្គ្រីនលែនដ៍ (Greenland) ដែលនឹងអនុញ្ញាតឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ទទួលបានជ័យជម្នះលើបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Politico ដោយដកស្រង់សម្តីអ្នកការទូត។
យោងតាមសារព័ត៌មាននោះ បានឱ្យដឹងថា កិច្ចពិភាក្សាកាន់តែខ្លាំងឡើង ចំពេលដែលមានសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក ត្រាំ ថា សហរដ្ឋអាមេរិកត្រូវការកោះហ្គ្រីនលែនដ៍ ហើយមិនច្រានចោលការរឹបអូសយកវាដោយកម្លាំងនោះទេ។
សារព័ត៌មាន Politico បានកត់សម្គាល់ថា មេដឹកនាំអឺរ៉ុបចូលចិត្តការផ្សះផ្សាគ្នាជាជាងការប្រឈមមុខដាក់គ្នាជាមួយប្រធានាធិបតីអាម៉េរិក ហើយកំពុងពិចារណាពីវិធីពង្រឹងសន្តិសុខនៅក្នុងតំបន់អាកទិកក្នុងក្របខ័ណ្ឌនៃអង្គការណាតូ ក៏ដូចជាការផ្តល់សម្បទានដល់សហរដ្ឋអាមេរិកលើការទាញយករ៉ែ។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស់ ឡូកកេ រ៉ាស់មូសសេន (Lars Lokke Rasmussen) និងសមភាគីហ្គ្រីនលែនដ៍ លោក វីវៀន ម៉ូតហ្ស៍ហ្វែដត៍ (Vivian Motzfeldt) នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងអនុប្រធានាធិបតី លោក ជេឌី វែនស៍ (JD Vance) នៅឯសេតវិមាន។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ម្តងហើយម្តងទៀតអំពីតម្រូវការចង់បានកោះហ្គ្រីនលែនដ៍ ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក។ ក្នុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក លោកបានស្នើទិញកោះនេះ ហើយនៅក្នុងខែមីនា ឆ្នាំ២០២៥ លោកបានសម្តែងទំនុកចិត្តថាវាអាចត្រូវបានបញ្ចូលទៅក្នុងទឹកដីរបស់ខ្លួន។
ហ្គ្រីនលែនដ៍ គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក។ នៅក្នុងឆ្នាំ១៩៥១ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកូប៉ិនហាកបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិបន្ថែមពីលើការប្តេជ្ញាចិត្តសម្ព័ន្ធភាពអង្គការណាតូរបស់ពួកគេ។ ក្រោមសន្ធិសញ្ញានេះ សហរដ្ឋអាមេរិកបានសន្យាការពារកោះនេះពីការឈ្លានពានដែលអាចកើតមាន៕


