ទង្វើអមនុស្សធម៌របស់ថៃ ត្រូវទម្លាយនៅកណ្តាលទីស្នាក់ការអង្គការសហប្រជាជាតិ
Roth - ២២ ឧសភា ២០២៦
image

ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី "កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ" រៀបចំដោយស្ថានបេសកកម្មសាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. សម្រាប់ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក នៅរសៀលនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់អំពីគោលការណ៍ និងសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចការពារជនស៊ីវីលនៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ ខណៈដែលសង្គ្រាមឈ្លានពានរបស់ថៃទាំងពីរលើកកាលពីឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិជនស៊ីវិលនៅកម្ពុជា។ 

ឯកឧត្តមក៏បានជម្រាបជូនកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ ហើយបានសង្កត់ធ្ងន់ថា៖ «នៅកម្ពុជា អំពើឈ្លានពានកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះ ជនស៊ីវិលកម្ពុជាប្រមាណ ៦៤៩ ០០០ នាក់បានរត់ភៀសសឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅមានជនភៀសសឹកកម្ពុជាប្រមាណ ៣០ ៩៣៤នាក់ទៀត (ស្រ្តី១៥ ៩៤២នាក់ និងកុមារ ១០ ៣៥៦នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ ដោយសារកងកម្លាំងថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រ កាន់កាន់ផ្នែកខ្លះនៃភូមិឋានរបស់ពួកគាត់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣