ភ្នំពេញ ៖ កម្មវិធីបណ្តុះបណ្តាលស្តីពី ការអប់រំហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដែលជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) មានកិត្តិយសក្នុងការចូលរួមសហការរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និងសមាគមធនាគារនៅកម្ពុជា (ABC) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ “នៅសមាគម បេសកកម្មចម្បងរបស់យើងគឺការលើកកម្ពស់និរន្តរភាព និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវនៃវិស័យមីក្រូហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា យើងជឿជាក់យ៉ាងមុតមាំថា និរន្តរភាពមិនអាចសម្រេចបានតែតាមរយៈការទទួលបានសេវាហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ កម្មវិធីនេះនឹងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបំពាក់បំប៉នប្រជាពលរដ្ឋនូវចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។ ទន្ទឹមនឹងនេះ វាក៏នឹងជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់គ្រឹះស្ថានហិរញ្ញវត្ថុ លើកកម្ពស់ការផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា”។
គួរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធីសកលស្តីពីការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ ILO (ILO Global Programme on Financial Education) ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការកសាងសមត្ថភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រោយបញ្ចប់ការបណ្តុះបណ្តាល គ្រូបង្គោលទាំង ២០ នាក់មកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនឹងបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តនៅតាមស្ថាប័ន និងសហគមន៍របស់ខ្លួន ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ជាពិសេសធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពក្នុងបរិបទសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។
គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់វិស័យហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៅទូទាំងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការការពារអតិថិជន និងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ៕



