កណ្តាល៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មាន ខេម អេស៊ា ញូវស៍ បានរៀបចំកម្មវិធីសំណេះសំណាល និងអាហារសាមគ្គី រវាងថ្នាក់ដឹកនាំ ជាមួយក្រុមការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល ខេម អេស៊ា ញូវស៍ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល រួមទាំងក្រុមការងារទូទាំងបណ្តាខេត្តក្រុង សរុប ៤០ នាក់ ។

លោក យ៉ុន ម៉េងស្រ៊ន់ អគ្គនាយកព័ត៌មាន បានឡើងអានរបាយការណ៍សង្ខេបស្តីអំពី អំពីជីវប្រវត្តិសង្ខេប របស់អង្គភាព CAN ដោយបានបង្កើតឡើង នៅឆ្នាំ២០១៩ ដោយមានការផ្តួចផ្តើមឡើង ពីឯកឧត្តម លី វិចិត្រ ជាប្រធានក្រុមប្រឹក្សាភិបាល និងរហូតមកដល់បច្ចុប្បន្ននេះ អង្គភាព CAN មានអយុកាល ៧ឆ្នាំហើយ មានថ្នាក់ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ១៥រូប និងក្រុមការងារ ទាំងបណ្តាខេត្តក្រុង ២៩ រូប។

លោក អគ្គនាយក ក៏បានលើកឡើងអំពីការបង្កើតកម្មវិធីព័ត៌មានផ្សេងៗកន្លងមកដូចជា កម្មវិធី Live ផ្ទាល់ ផ្សាយចេញពី Studio ដូចជាព្រឹត្តិការណ៍ពត៌មានប្រចាំថ្ងៃ កម្មវិធីពិសេសសម្រាប់កម្មករ និងកម្មវិធីភូមិខ្ញុំ ជាដើម ។ ដែលការបង្កើតកម្មវិធីទាំងនេះក្នុងគោលបំណង ផ្សព្វផ្សាយអ្វីដែលជាចំណេះដឹង និងជាប្រយោជន៍ជូនដល់សាធារណៈជន និងប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ។
លោក យ៉ុន ម៉េងស្រ៊ន់ ក៏បានបញ្ជាក់បន្ថែមអំពី ចក្ខុវិស័យកម្មវិធីភូមិខ្ញុំ និងទស្សនៈវិស័យរបស់អង្គភាព CAN ដូចជា៖ ពង្រឹងក្រុមការងារអង្គភាព ដើម្បីធ្វើឲ្យប្រសើរឡើង នូវចំណេះដឹងវិជ្ជាជីវៈក្រមសីលធម៌សារព័ត៌មាន និងបន្តសកម្មភាពសប្បុរសធម៌ ជាដើម ។

លោកក៏មានមតិណែនាំដល់បងប្អូនក្រុមការងារសារព័ត៌មាន មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មាន ត្រូវយល់ឲ្យបានច្បាស់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ប្រកាសដោយក្រសួងព័ត៌មាន ហើយបើសិនមានចំណុចណាមិនច្បាស់សូមប្រឹក្សាយោបល់បន្ថែមជាមួយថ្នាក់ដឹកនាំជំនាញខាងលើ ក៏ដូចជានិពន្ធនាយកជាដើម ជៀសវាងការផ្សាយខុស អាចបណ្តាលឲ្យមានបញ្ហាប្រឈមមុខច្បាប់។
ជាចុងក្រោយលោកអគ្គនាយក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោក -លោកស្រី ជាថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល រួមនិងបងប្អូនក្រុមការងារ ជាពិសេសសូមគោរពអរគុណចំពោះឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល CAN ដែលតែងតែជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មទាំងកម្លាំងកាយចិត្ត ក្នុងការជួយឧបត្ថម្ភ និងផ្តល់ប្រឹក្សាយោបល់ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លី វិចិត្រ ប្រធានក្រុមប្រឹក្សាភិបាល CAN ក៏បានឡើងសម្តែងមតិសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងក្រុមការងារព័ត៌មាន CAN និងបានផ្តល់អនុសាសន៍ណែនាំបន្ថែម អំពីចក្ខុវិស័យ និង ទស្សនៈវិស័យរបស់អង្គភាព CAN ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែរីកចំរើនបន្តទៀត។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា ចំពោះ ចក្ខុវិស័យរបស់អង្គភាព គឺត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មាន ក្នុងគោលដៅផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវព័ត៌មានណាដែលជាប្រយោជន៍របស់សាធារណៈជន និងសង្គមជាតិ ដោយស្របទៅតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
- បន្តកម្មវិធីសប្បុរសធម៌ ដោយសហការណ៍ជាមួយមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ក្នុងគោលដៅជួយដល់សង្គមជាតិយើង តាមដែលអ្វីដែលមូលនិធិអាចជួយបាន។ ចំពោះក្រុមការងារយកព័ត៌មានត្រូវពង្រឹងចំណេះដល់ពួកគាត់បន្ថែ តាមរយៈបើកវគ្គបណ្តុះបណ្តាលខ្លីៗ នៅទីស្នាក់ការផ្ទាល់ និងការបញ្ជូនក្រុមការងារ ទៅរៀនវគ្គបណ្តុះបណ្តាលបន្ថែមទៀតនៅតាមបណ្តា អង្គការ សមាគមព័ត៌មាននានា ក្នុងគោលដៅឲ្យយល់កាន់តែច្បាស់អំពីវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ផ្សេងៗក្នុងប្រទេសកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តម ប្រធានប្រធានក្រុមប្រឹក្សាភិបាល សូមគោរពថ្លែងអំណរគុណ ចំពោះឯកឧត្តម លោក-លោកស្រី ដែលជាថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល រួមទាំងបងប្អូនក្រុមការងារ ទាំងអស់ដែលបាន ចំណាយពេលវេលាដ៍មានតំលៃចូលរួមក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គី នៅថ្ងៃនេះ និងក្នុងឱកាសឆ្នាំថ្មី លោកសូមជូនពរ ទទួលទានមានបាន មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសមប្រកបនូវពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






