កណ្តាល ៖ ពិធីសន្និបាតបូកសរុបលទ្ធិផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា-CCWF ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាជិក សមាជិកា ទាំង៧សហព័ន្ធសហជីព របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ប្រមាណជិត ៦០នាក់ ផងដែរ។

លោក ឡាយ ផល្លី អនុប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានឡើងអានរបាយការណ៍ស្តីពី សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២៥ ដូចជាការវិវឌ្ឍរបស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា រហូបបង្កើតបានសហព័ន្ធសហជីពចំនួន ៧សហព័ន្ធ ការកើនឡើងនៃសមាជិកសហជីពមូលដ្ឋាន មានចំនួន ៤១,៦៥៧ នាក់ ស្រី ២៩,៨៦១ នាក់ ក្នុងចំណោមសហជីពមូលដ្ឋានសរុបចំនួន ៩៦គោលដៅ នៅតាមបណ្តារោងចក្រ ហើយក្នុងនោះមាន រោងចក្រ សហគ្រាស ចំនួន ១៦ ដែលមានភាពជាតំណាងបំផុត (MRS) និង រោងចក្រ សហគ្រាស ចំនួន ១0 ដែលបានចុះអនុសញ្ញារួម(CBA)។
លោក ឡាយ ផល្លី ក៏បានលើកឡើងអំពីទស្សនៈវិស័យ បេសកកម្ម និងទិសដៅឆ្នាំ២០២៦ របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ផងដែរ។
ក្នុងឱកាសនោះដែរ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា- បានសំដែងនូវការដឹងគុណ និងការកោតសរសើរចំពោះ ថ្នាក់ដឹកនាំសហភាពសហជីពសុភមង្គលគ្រប់លំដាប់ថ្នាក់ហើយជាពិសេស គឺថ្នាក់ដឹកនាំសហជីពមូលដ្ឋានទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ និងការចូលរួមយ៉ាងសកម្មរាល់សកម្មភាពរបស់សហភាព ដែលធ្វើឲ្យសហភាពអាចសម្រេចបាននូវសមទ្ធិផលគួរឲ្យកត់សម្គាល់នាពេលនេះ។ លោកបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះ ការលះបង់ ការខិតខំបំពេញការងារ ភាពស្មោះត្រង់ និងសាមគ្គី ឯកភាពផ្ទៃក្នុង របស់បងប្អូនគ្រួសារសហភាពសហជីពសុភមង្គលកម្មករកម្ពុជានាពេលកន្លងមក។
លោកប្រធានសហជីព បានរំលឹកថា ដើម្បីឲ្យសហភាពរបស់យើងកាន់តែរីកចម្រើន រឹងមាំ និងជោគជ័យ ទៅថ្ងៃមុខទៀត លោកសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសហភាព សហព័ន្ធ និងសហជីពមូលដ្ឋានទាំងអស់ សូមបន្តរការចូលរួមលះបង់ ខិតខំបំពេញការងារ រក្សាភាពស្មោះត្រង់ និងរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងនេះឲ្យបាន ហើយជាពិសេសនោះគឺបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករ និយោជិតរបស់យើង។
លោក លី វិចិត្រ បានឲ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២៥ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានអនុវត្តសកម្មភាពជាច្រើន ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ទាំងផ្នែកការពារសិទ្ធិកម្មករ ការពង្រីកសមាជិកភាព ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ស្ថាប័នជាតិ-អន្តរជាតិ និងការកសាងសមត្ថភាពថ្នាក់ដឹកនាំ។ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនកើតឡើងក៏ដោយ សហភាពនៅតែបន្តខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍអង្គការវិជ្ជាជីវៈមួយនេះឲ្យកាន់តែរឹងមាំ។

លោកប្រធានសហជីព ក៏បានបញ្ជាក់ដែរថា ការរៀបចំសន្និបាតនេះ គឺជាវេទិកាសំខាន់មួយសម្រាប់ការវាយតម្លៃលទ្ធផលការងារ បញ្ហាប្រឈម និងកំណត់ទិសដៅអនាគត។ តាមរយៈការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ បានបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងសហភាពឲ្យកាន់តែមានប្រសិទ្ធភាព។
លោកគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦ និងអនាគត សហភាពនឹងបន្តអនុវត្តយុទ្ធសាស្ត្រដែលបានកំណត់ ដោយផ្តោតលើការពង្រីកសមាជិកភាពថ្មី និងការថែរក្សាសមាជិកចាស់ ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ ការកែលម្អលក្ខខណ្ឌការងារ និងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូរពាក់ព័ន្ធនានាបន្ថែមទៀត។ ជាមួយនឹងការសហការល្អរវាងភាគីពាក់ព័ន្ធទាំងអស់ សហភាពមានជំនឿថានឹងអាចសម្រេចបាននូវគោលដៅ ដែលបានដាក់ចេញ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរស់នៅរបស់កម្មករកម្ពុជាឲ្យកាន់តែប្រសើរឡើង។

ជាចុងក្រោយ លោកសូមគោរពថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហជីព សហព័ន្ធសហជីព និងសហជីពមូលដ្ឋានទាំងអស់ ដែលបានចំណាយពេលដ៍មានតម្លៃ មកចូលរួមកម្មវិធីសន្និបាតស្តីពីសមិទ្ធផលការងារសហជីពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជានាពេលនេះ។ និងសូមគោរពជូនពរ បងប្អូនក្រុមគ្រួសារ សហភាពសហជីពសុភមង្គលកម្មករកម្ពុជាទាំងអស់ សូមមានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច និងជួបនូវពុទ្ធពរ ប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

















