ខេត្តព្រះសីហនុ៖ ជំហានថ្មីមួយទៀតនៃវិស័យថាមពលក្នុងស្រុកត្រូវបានបោះជម្រៅ ខណៈក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum Cambodia) បានរៀបចំពិធីបញ្ចុះបឋមសីលាសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈដ៏ធំមួយ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមវត្តមាន លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត ព្រមទាំងសហស្ថាបនិកក្រុមហ៊ុនគឺ ឯកឧត្តម ទៀ ស្យាម និង អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ។
ចំណុចសំខាន់ៗនៃគម្រោងវិនិយោគ ប្រមាណ ៧.៥ លានដុល្លារអាមេរិក មានទីតាំង ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីបង្កើនសមត្ថភាពស្តុក និងផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងស្រុកឱ្យកាន់តែរឹងមាំ។
ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានថ្លែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តវិនិយោគរបស់វិនិយោគិនក្នុងស្រុក ដែលមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
អ្នកឧកញ៉ា ទៀ វិចិត្រ សហស្ថាបនិកក្រុមហ៊ុន បានបញ្ជាក់ថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់ ពង្រឹងជំនាញបច្ចេកទេសដល់បុគ្គលិក និងកម្មករខ្មែរ និងធានាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅទូទាំងប្រទេស។
ការវិនិយោគនេះសបញ្ជាក់ឱ្យឃើញពីទំនុកចិត្តរបស់សហគ្រិនក្នុងស្រុក លើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕












