រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «យើងរួមគ្នាជំរុញសមភាពយេនឌ័រ ក្នុងវិស័យការងារ» ដែលពិធីនេះមានកាអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា មកពីសហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងសមាគមចំណុះឱ្យ NACC ប្រមាណជាង ៣០០នាក់ រួមទាំងមានវត្តមានថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសមាគម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា (TAFTAC) និងតំណាងមជ្ឈមណ្ឌលសាមគ្គីភាព (ACILS) ផងដែរ។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំអមដំណើរ ភ្ញៀវកិត្តយស ជាតិ អន្តរជាតិ សមាជិក សមាជិក អង្គការដៃគូអភិវឌ្ឍន៍ ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យនេះ ។ វត្តមានដ៏មានតម្លៃរបស់ ឯកឧត្តមគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធសហភាពទាំងអស់ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សមភាពយែនឌ័រ ជាពិសេសទិវាសិទ្ធិស្ត្រី នៅក្នុងវិស័យការងារ ។
លោក គឹម ចាន់សំណាង បានមានប្រសាសន៍បន្ថែមថា ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងទាំងអស់គ្នាចូលរួមអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “យើងរួមគ្នាជម្រុញសមភាពយេនឌ័រ ក្នុងវិស័យការងារ”។ ទិវានេះមិនត្រឹមតែជាថ្ងៃរំលឹកដល់ការតស៊ូ និងសមិទ្ធផលរបស់ស្ត្រីនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាថ្ងៃដែលយើងអះអាងឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញលើកកំពស់នូវសិទ្ធិសេរីភាព និងឱកាសស្មើភាពគ្នា សម្រាប់ស្ត្រីគ្រប់រូបលើពិភពលោកទាំងមូល ។
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានគូសបញ្ជាក់ថា ស្ត្រីគឺជាកម្លាំងស្នូលដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវប្បធម៌ជាតិនៅក្នុងវិស័យ ការងារ ស្ត្រីបានចូលរួមយ៉ាងសកម្ម ទាំងក្នុងវិស័យឧស្សាហកម្ម សេវាកម្ម កសិកម្ម និងវិស័យផ្សេងៗទៀត ដោយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងគ្រួសារ និងប្រទេសជាតិ។ ទោះជាយ៉ាងណា យើងក៏មិនអាចមើលរំលងបញ្ហារប្រឈមដែលស្ត្រីនៅតែជួបប្រទះ ដូចជា ភាពមិនស្មើភាពក្នុងប្រាក់ឈ្នួល ការចូលរួមនៅក្នុងតួនាទីដឹកនាំ ការរើសអើងយេនឌ័រ និងអំពើហិង្សានៅកន្លែងការងារ។
ដូច្នេះ ប្រធានបទឆ្នាំនេះ “យើងរួមគ្នាជម្រុញសមភាពយេនឌ័រ នៅវិស័យការងារ” បានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចបាននូវសមភាពពិតប្រាកដ មិនមែនជាកាតព្វកិច្ចរបស់ស្ត្រីតែម្នាក់ឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា រួមទាំងរដ្ឋាភិបាល និយោជក សហជីព និងសង្គមទាំងមូល ។ ការជំរុញសមភាពយេនឌ័រ មានន័យថា ធានាឱ្យមានបរិយាកាសការងារដែលមានសុវត្ថិភាព គ្មានការរើសអើង ផ្តល់ឱកាសស្មើភាពក្នុងការបណ្តុះបណ្តាលការឡើងតំណែង និងការទទួលប្រាក់ឈ្នួលសមរម្យ។
ថ្លែងក្នុងពិធីដ៏រីករាយប្រកបដោយស្មារតីសាមគ្គីភាពនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្មការិនីនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការចូលរួមផលិតផលិតផលសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ទន្ទឹមនឹងការបំពេញតួនាទីដ៏មមាញឹក នៅក្នុងគ្រួសារ។ ស្របពេលជាមួយគ្នានេះ លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងជាពិសេសសមភាពយេនឌ័រនៅកន្លែងការងារ ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ប្រធានបទដ៏មានសារៈសំខាន់នេះស្របជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែផ្តល់គុណតម្លៃដល់ស្ត្រីកម្ពុជា ចំពោះការចូលរួមសកម្មភាពក្នុងការសម្រេចចិត្ត និងជំរុញឱ្យមានសន្តិភាព ភាពធន់ និងសុវត្ថិភាពក្នុងសង្គម។ ពិធីដ៏មានអត្ថន័យនេះ មិនមែនគ្រាន់តែជានិមិត្តរូបនោះទេ តែជាការជួបជុំដើម្បីសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ស្ត្រី ក្នុងការរួមចំណែកកសាងសេដ្ឋកិច្ច និងអភិវឌ្ឍជាតិមាតុភូមិឱ្យមានភាពរីកចម្រើនដូចបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រសួងបាននិងកំពុងបន្តយកចិត្តទុកដាក់លើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិពាក់ព័ន្ធនានា ដែលកម្មករនិយោជិតជាស្ត្រី តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ NACC ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យ NACC បន្តយកចិត្តទុកដាក់បន្ថែមទៀត លើការកសាងជំនឿទុកចិត្តដើម្បីទាក់ទាញសមាជិកឱ្យចូលរួមកាន់តែច្រើន តាមរយៈការបង្ហាញពីលទ្ធផលការងារប្រកបដោយតម្លាភាព និងគណនេយ្យភាពដែលជាដៃគូមិនអាចខ្វះបានក្នុងយន្តការកិច្ចសន្ទនាសង្គមជាមួយនិយោជក និងក្រសួង ដើម្បីដោះស្រាយបញ្ហានានា ព្រមទាំងជួយបង្កើនការជឿជាក់ពីសំណាក់អ្នកវិនិយោគ ក្នុងការបន្តពង្រីកការវិនិយោគ និងបង្កើតឱកាសការងារសមរម្យជូនដល់បងប្អូនកម្មករនិយោជិតបន្ថែមទៀត។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តឱ្យ NACC បន្តរៀបចំកម្មវិធីជួបជុំអបអរសាទរបែបនេះឱ្យបានញឹកញាប់ ដើម្បីពង្រឹងចំណងសាមគ្គីភាព និងទំនាក់ទំនងល្អរវាងគ្នានឹងគ្នា។























