អង្គមហាសន្និបាត និងបោះឆ្នោតជ្រើសរើសអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សហភាពសហជីពជាតិឯករាជ្យកម្ពុជា សម្រាប់អាណត្តិទី៥
Roth - ០៩ មីនា ២០២៦
image

ការរៀបចំមហាសន្និបាត និងបោះឆ្នោតជ្រើសរើសអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សហភាពសហជីពជាតិឯករាជ្យកម្ពុជា សម្រាប់អាណត្តិទី៥ ដែលបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ដែលពិធីនេះក្រោមអធិបតីភាព ឯកឧត្តម គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក-សមាជិកា សហភាពសហជីព ទាំង១០ស្ថាប័ន ដែលជាសមាជិករបស់ (NACC) ផងដែរ។

សូមជម្រាបជូនថាបេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៥ នេះ រួមមាន៖

១. លោក នួន ប្រុសនិត ២. លោក ឃិន សុខន ៣. លោក លូ សាក់ ៤. លោក តែប តុន និង៥. លោក ទុយ កុសល ។ បន្ទាប់ពីការបោះឆ្នោតដោយតម្លាភាព ជាលទ្ធផល លោក តែប តុន ទទួលបានសម្លេងឆ្នោតគាំទ្រច្រើនជាងគេ និងត្រូវបានគណៈកម្មាធិការរៀបចំអង្គមហាសន្និបាត ជ្រើសតាំងជាអ្នកដឹកនាំគ្រប់គ្រងថ្មី និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សហភាពសហជីពជាតិឯករាជ្យកម្ពុជា បន្តវេនពី លោក ហេង ប៊ុន ឈុន ចាប់ពីថ្ងៃប្រកាស និងទទួលត្រា ក្នុងថ្ងៃនេះតទៅ ។

បន្ទាប់ពីលោក តែប តុន ដែលត្រូវជ្រើសតាំងជាប្រធានដឹកនាំអាណត្តិថ្មីរបស់សហភាពសហជីពជាតិឯករាជ្យកម្ពុជា

ក្នុងបរិយាកាសដ៏អធិកអធមនេះ លោកក៏បានឡើងធ្វើការប្តេជ្ញាចិត្តនៅចំពោះមុខគណៈអធិបតី និងអង្គពិធីទាំងមូល ដោយនឹងខិតខំដឹកនាំ និងគោរពទៅតាមគោលការណ៍របស់សហភាពសហជីពជាតិឯករាជ្យកម្ពុជា ដោយឈរលើគោលការណ៍ចំនួន ៤គឺ៖ ១.ការពង្រឹងកិច្ចសហប្រតិ្តការ និងការបណ្តុះបណ្តាល, ២.ការលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុង, ៣.ការពង្រីកទំនាក់ទំនងរវាងអង្គការវិជ្ជាជីវៈ នៅតាមមូលដ្ឋាន និង ៤.ការដឹកនាំឲ្យមានតម្លាភាព និងការកែលម្អ ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការរៀបចំកម្មវិធីអង្គមហាសន្និបាត និងបោះឆ្នោតជ្រើសរើសអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សហភាពសហជីពជាតិឯករាជ្យកម្ពុជា (CUNIC) សម្រាប់អាណត្តិទី៥ លោកពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានឃើញវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម និងលោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងបងប្អូនសមាជិក សមាជិកាទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមក្នុង «អង្គមហាសន្និបាត និងបោះឆ្នោតជ្រើសរើសអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សហភាពសហជីពជាតិឯករាជ្យកម្ពុជា ដើម្បីបន្តពង្រឹងសាមគ្គីភាព និងឆន្ទៈរួមគ្នាក្នុងការបម្រើផលប្រយោជន៍ជូនកម្មករនិយោជិត និងដើម្បីបង្កើនសមិទ្ធផលក្នុងអាណត្តិបន្តទៅមុខទៀតដែលជាភារកិច្ចចម្បងរបស់សហភាពសហជីពជាតិឯករាជ្យកម្ពុជា សម្រាប់អាណត្តិទី៥ ដែលនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតដែលយើងត្រូវបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីបន្តវេន។

 

ឯកឧត្តម គឹម ចាន់សំណាង បានជម្រាបជូនបន្ថែមថា៖ ដោយក្ដីគោរពស្រឡាញ់លោក ហេង ប៊ុនឈុន ជាស្ថាបនិកដំបូងបំផុតដែលជាសរសរទ្រូងដ៏រឹងមាំរបស់សហភាពសហជីពជាតិឯករាជ្យកម្ពុជា កន្លងមក ក្នុងវេលានេះលោកមិនបានឈរឈ្មោះជាបេក្ខជនក្នុងអាណត្តិទី៥ បន្តទៀតទេ ដោយសារមានបញ្ហាសុខភាព និងចង់ផ្ដល់ឱកាសអោយអ្នកបន្តវេនជំនាន់ក្រោយបន្តពីរូបលោកអោយកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពនៅក្នុងអាណត្តិបន្តបន្ទាប់ទៀត។

ជាការដឹងគុណ និងគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ ក្រុមប្រឹក្សាភិបាលសហភាពសហជីពជាតិឯករាជ្យកម្ពុជា ទាំងអស់បានឯកភាពគ្នាខ្ពស់ជាមហាកិត្តិយសជូន «លោក ហេង ប៊ុនឈុន ជាប្រធានកិត្តិយសនៅក្នុងសហភាពសហជីពជាតិឯករាជ្យកម្ពុជា » ដើម្បីសហការការងារ និងជួយប្រឹក្សាផ្ដល់យោបល់ដល់ស្ថាប័នមួយនេះ ឱ្យកាន់តែរីកចម្រើនទៅមុខជានិរន្តរ៍។

ជាចុងក្រោយ ឯកឧត្តម ក៏បានចូលរួមអបអរសាទរ និងមានប្រសាសន៍ណែនាំបន្ថែមដល់ប្រធានដឹកនាំបន្តវេនថ្មីរបស់សហភាពសហជីពជាតិឯករាជ្យកម្ពុជា សូមឲ្យដឹកនាំ និងគោរពទៅតាមគោលការណ៍ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងមានស្មារតីខុសត្រូវខ្ពស់ ក្នុងទិសដៅធ្វើយ៉ាងណាឲ្យស្ថាប័នសហភាពសហជីព មានឯកភាពរួម និងរំពឹងថានឹងទទួលបានសមទ្ធផលថ្មី ដើម្បីប្រយោជន៍រួមរបស់សហភាពសហជីពជាតិឯករាជ្យកម្ពុជា។


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣