(ខេត្តកំពង់ស្ពឺ)៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កម្មករនិយោជិត នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ និងជាប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចាត់តំណាងឱ្យចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារកម្មការិនីម្នាក់ ដែលរងគ្រោះដោយអគ្គិភ័យ។
សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយលោក សែ ចិត រួមជាមួយក្រុមការងារសហជីពមូលដ្ឋាន និងថ្នាក់ដឹកនាំក្រុមហ៊ុន អូសិ
ន យូញៀន ស្ព័ត (ខេមបូឌា) បានចុះទៅដល់លំនៅដ្ឋានរបស់កម្មការិនីឈ្មោះ ប្រាក់ ចាន់ណា (អត្តលេខ ១៨១១ ផ្នែកដេរ)
ដែលស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ គួររំលឹកថា ផ្ទះរបស់កម្មការិនីរូបនេះត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ដែលបង្កឡើងដោយសារការឆ្លងចរន្តអគ្គិភ័យ (ទុស្សេខ្សែភ្លើង)។
ដើម្បីសម្រាលទុក្ខលំបាក និងជួយទប់ទល់ក្នុងស្ថានភាពអាសន្ននេះ ក្រុមការងារបានពាំនាំនូវអំណោយ និងថវិកាសរុបដូចខាងក្រោម៖
១. អំណោយពីលោក លី វិចិត្រ (ប្រធានមូលនិធិសប្បុរសធម៌) រួមមាន៖
អង្ករ ៤០ គីឡូក្រាម
គ្រឿងឧបភោគបរិភោគចាំបាច់ (មី ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, និងសៀង ១យួរ)
គ្រឿងទេសចម្អិនម្ហូប (អំបិល, ស្កសរ, និងប៊ីចេង ចំនួន ១គីឡូក្រាមម្នាក់)
២. ការឧបត្ថម្ភថវិកាបន្ថែម៖
លោកនាយកក្រុមហ៊ុន អូសិន យូញៀន៖ ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០០,០០០ រៀល។
ទឹកចិត្តបងប្អូនកម្មកររួមអាជីព៖ បានរួមគ្នារៃអង្គាសថវិកាបានចំនួន ៣៤៧,២០០ រៀល។
សរុបថវិកាឧបត្ថម្ភទាំងអស់មានចំនួន ៥៤៧,២០០ រៀល (ហាសិបបួនម៉ឺន ប្រាំពីរពាន់ ពីររយរៀល)។
សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីវប្បធម៌ចែករំលែក និងការមិនបោះបង់គ្នាក្នុងគ្រាលំបាក រវាងថ្នាក់ដឹកនាំ មូលនិធិសប្បុរសធម៌ ម្ចាស់សហគ្រាស និងបងប្អូនកម្មករនិយោជិត ក្នុងគោលដៅលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់សមាជិកគ្រួសារកម្មករដែលកំពុងជួបគ្រោះភ័យ។










