នាវាទេសចរណ៍ COSTA SERENA សញ្ជាតិអ៊ីតាលី នាំភ្ញៀវទេសចរ ២,៨៩០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ១ ថ្ងៃ
Roth - ០៤ កុម្ភៈ ២០២៦
image

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នាវាទេសចរណ៍ ១ គ្រឿង ឈ្មោះ COSTA SERENA សញ្ជាតិអ៊ីតាលី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំមកនូវភ្ញៀវទេសចរចំនួន ២,៨៩០ នាក់ ក្នុងនោះស្ត្រី ១,៦៤០ នាក់ មកពី ៣៥ សញ្ជាតិ និងមាននាវិកចំនួន ១,០៣០ នាក់ ក្នុងនោះស្ត្រី ១៩៤ នាក់ មកពី ៣៥ សញ្ជាតិ។

យោងតាមការកត់ត្រាពីអង្គភាពជំនាញ បានបញ្ជាក់ថា ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ COSTA SERENA មានសញ្ជាតិចម្បងមួយចំនួន រួមមាន សញ្ជាតិអ៊ីតាលី ចំនួន ៧៩៤ នាក់ (ស្ត្រី ៤៣៦ នាក់) សញ្ជាតិអាល្លឺម៉ង់ ចំនួន ២៥១ នាក់ (ស្ត្រី ១៣៥ នាក់) និងសញ្ជាតិបារាំង ចំនួន ២៤៧ នាក់ (ស្ត្រី ១៣៩ នាក់)។

ក្នុងឱកាសនោះ លោកស្រីអនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ព្រមទាំងលោក–លោកស្រី អភិបាលរងក្រុង ស្រុក និងលោក–លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានអញ្ជើញចូលរួមទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកក់ក្តៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងបំពាក់ក្រមាជូនភ្ញៀវទេសចរ ទុកជាវត្ថុអនុស្សាវរីយ៍ ដើម្បីបង្ហាញពីអធ្យាស្រ័យ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏ល្អប្រសើររបស់ប្រជាជនកម្ពុជា។

ក្នុងអំឡុងពេលនាវាទេសចរណ៍ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ភ្ញៀវទេសចរទាំងអស់បានអញ្ជើញទស្សនាការសម្តែងរបាំជូនពរ របាំឆៃយ៉ាំ ថតរូបអនុស្សាវរីយ៍ និងធ្វើដំណើរទៅទស្សនាតាមបណ្តាគោលដៅទេសចរណ៍សំខាន់ៗនៅក្នុងខេត្តព្រះសីហនុ ដូចជា បណ្តាឆ្នេរសមុទ្រ វត្តអារាម ផ្សារ និងតំបន់រមណីយដ្ឋាននានា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន។

នាវាទេសចរណ៍ COSTA SERENA បានផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍រហូតដល់ ៣៥ សញ្ជាតិ ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុ នៅតែជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលនិងទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសជុំវិញពិភពលោក ទោះបីជារយៈពេលស្នាក់នៅមានត្រឹមតែ ១ ថ្ងៃក៏ដោយ។

សូមជម្រាបថា នាវាទេសចរណ៍ COSTA SERENA បានធ្វើដំណើរមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ១ ថ្ងៃ ហើយនឹងបន្តដំណើរទៅកាន់ព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ១៦:០០ នាទី នាថ្ងៃដដែល។ នាវាទេសចរណ៍នេះ ជានាវាទេសចរណ៍ទី៧ហើយគិតត្រឹមដើមឆ្នាំ២០២៦នេះ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានអញ្ជើញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាជារួម និងខេត្តព្រះសីហនុជាពិសេស។

ចំពោះលក្ខណៈបច្ចេកទេស នាវាទេសចរណ៍ COSTA SERENA មានប្រវែងបណ្តោយ ២៩០.២០ ម៉ែត្រ ទទឹង ៣៥.៥០ ម៉ែត្រ និងជម្រៅទឹក ៨.០០ ម៉ែត្រ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣