នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយ ឯកឧត្តម លី វិចិត្រ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកជូននូវរូបថតអនុស្សាវរីយ៍ដែលបានរៀបចំយ៉ាងស្រស់ស្អាត ជូនដល់ក្មួយៗសិស្សានុសិស្សនៅក្នុងភូមិត្រពាំងនាន់ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យ និងស្និទ្ធស្នាលនេះ ឯកឧត្តម លី វិចិត្រ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីស្រឡាញ់ ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះកូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានមានមតិសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងលើកទឹកចិត្តដល់ក្មួយៗឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់បង្គាប់ឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់សង្គមជាតិទៅថ្ងៃអនាគត។ កម្មវិធីនេះបានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងស្នាមញញឹមសប្បាយរីករាយយ៉ាងក្រៃលែងពីសំណាក់ក្មួយៗសិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់។






































