ព្រះវិហារជីតឺ សាខាខេត្តកណ្តាល រៀបចំទិវារំលឹកគុណមាតាបិតា ដើម្បីបណ្តុះស្មារតីកត្តញ្ញូតាធម៌ ដល់សិស្សានុសិស្សជំនាន់ក្រោយ
Roth - ១៣ កក្កដា ២០២៦
image

ខេត្តកណ្តាល៖ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ព្រះវិហារជីតឺ សាខាខេត្តកណ្តាល បានរៀបចំ «ទិវារំលឹកគុណមាតាបិតា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក លី វិចិត្រ ប្រធានគណៈកម្មការនៃព្រះវិហារជីតឺ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈកម្មការ សមាជិក សមាជិកា ព្រមទាំងឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

ពិធីរំលឹកគុណមាតាបិតានេះ គឺបង្កើតឡើង ក្នុងគោលបំណងក្រើនរំលឹកដល់សិស្សានុសិស្សយល់ដឹង អំពីគុណូបការៈរបស់អ្នកមានគុណរបស់ខ្លួន មានដូចជា៖ ឪពុកម្តាយ អាណាព្យាបាល និងគ្រូបង្រៀនជាដើម ដែលលោកតែងតែខិតខំធ្វើ យ៉ាងណាដើម្បីឲ្យកូនៗរបស់គាត់ ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងល្អ មានសុជីវធម៌ល្អក្នុងសង្គម និងយល់ដឹងអំពីគុណរបស់មាតាបិតា ។ នៅក្នុងកម្មវិធីរំលឹកគុណមាតាបិតានេះផងដែរ ក៏មានការសម្តែងរឿងខ្លី និងចម្រៀង ទាក់ទងគុណឪពុកម្តាយ និងកូនកត្តញូចំពោះអ្នកមានគុណផង ដោយការសម្ដែងនេះ សុទ្ធសឹងជាសិស្សានុសិស្ស នៃព្រះវិហារជឺតឺតែម្ដង។ ជាពិសេសកម្មវិធីនេះ ក៏មានពិធីកូនៗ ជូនផ្កាកូលាបចំពោះឪពុកម្ដាយ ក៏ដូចជាអ្នកមានគុណរបស់ខ្លួន ដើម្បីធ្វើការសុំខមាលាទោស ដែលកូនៗបានធ្វើខុសទាំងកាយវិការ ពាក្យសម្ដី ឬកំហុសឆ្គងផ្សេងៗទៅកាន់ឪពុកម្ដាយកន្លងមក ។

លោក លី វិចិត្រ ប្រធានគណៈកម្មការនៃព្រះវិហារជីតឺ បានលើកឡើងថា៖ កម្មវិធីនៅក្នុងថ្ងៃនេះ ពិតជាមានអត្ថន័យជ្រៅជ្រះខ្លាំងណាស់ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ ឃើញថា ឆ្នាំនេះក្មួយៗដែលជាសិស្សានុសិស្សនៃព្រះវិហារជីតឺ ខិតខំបានយ៉ាងល្អ ទាំងការរៀនសូត្រ ការចេះដឹងគុណឪពុកម្តាយ ឬអាណាព្យាបាល សកម្មភាពចេះជួយយកអាសារគ្នា និងការរួមគ្នាធ្វើរឿងល្អៗជាច្រើន ដែលទទួលបានលទ្ធផលកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាបន្តបន្ទាប់ ។

លោក ប្រធានគណៈកម្មការ បានលើកឡើងបញ្ជាក់បន្ថែមថា ក្មួយៗដែលជាសិស្សានុសិស្ស គឺពិតជាមានការយល់ដឹងច្រើន ហើយជាពិសេសនោះ អត្ថន័យទាំងអស់នេះបានបកស្រាយនៅក្នុងរឿងខ្លី មានចំណងជើងថា៖ “ទឹកភ្នែកក្រោយពេលសុំទោស” ។ ក្នុងសាច់រឿងនេះ បានឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនៅក្នុងសង្គមបច្ចុប្បន្ន ឃើញថា មានសិស្សានុសិស្សមួយចំនួនខិតខំរៀនសូត្រ និងចេះស្តាប់បង្គាប់ឪពុកម្តាយ ជាកូនល្អ សិស្សល្អ ។ ក៏ប៉ុន្តែមានសិស្សានុសិស្សមួយចំនួន មិនខិតខំរៀនសូត្រ នាំគ្នាគេចសាលាដើរលេង មិនស្តាប់បង្គាប់ឪពុកម្តាយ រហូតហ៊ានប្រព្រឹត្តិផ្តេសផ្តាសដូចជា វក់វីនឹងហ្គេមអនឡាញ ប្រើប្រាស់ថ្នាំញៀន ដើរឆក់ប្លន់គេ ដែលទង្វើទាំងនេះ ពិតជាទង្វើមិនល្អដែលកំពុងបង្កបញ្ហាដល់សង្គម និងកំពុងបំផ្លាញអនាគតរបស់ខ្លួន ជាពិសេសធ្វើឲ្យឪពុកម្តាយមានទុក្ខជាទម្ងន់ ។ លោក លី វិចិត្រ បានគូសបញ្ជាក់ថា ការសម្តែងរឿងខ្លីនេះ បានក្លាយជាមេរៀនជីវិតដ៏មានតម្លៃ បណ្តុះគំនិតឲ្យសិស្សានុសិស្សមានការភ្ញាក់រលឹក ដឹងខុសដឹងត្រូវ និងងាកមកដើរលើផ្លូវត្រឹមត្រូវវិញ ។ ជាពិសេស បរិយាកាសនៃពិធីទាំងមូលបានឈានដល់ចំណុចរំជួលចិត្តបំផុត នៅពេលដែលកូនៗបានឡើងជូនផ្កាកូលាបទៅកាន់ឪពុកម្តាយ ឬអាណាព្យាបាលរបស់ខ្លួន ។ នេះជាពិធីជានិមិត្តរូបនៃការ «សុំខមាលាទោស» ចំពោះរាល់កំហុសឆ្គងទាំងឡាយ ដែលកូនៗបានប្រព្រឹត្តកន្លងមក ទោះដោយចេតនាក្តី ឬអចេតនាក្តី តាមរយៈកាយវិការ ពាក្យសម្តី និងទង្វើមិនគប្បីផ្សេងៗ ។

ជាទីបញ្ចប់ លោកប្រធានគណៈកម្មការបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះសិស្សានុសិស្ស ដែលកាន់តែមានការយល់ដឹងច្រើនលើផ្នែកចំណេះដឹង សីលធម៌នៃការរស់នៅ និងសុជីវធម៌ ។ លោកក៏បាន អំពាវនាវដល់កូនៗក្មួយៗទាំងអស់ ត្រូវតែបន្តភ្ញាក់រលឹក ខិតខំរៀនសូត្រដើម្បីជួយខ្លួនឯងឱ្យមានអនាគតភ្លឺស្វាង ជួយគ្រួសារ និងចេះតបស្នងសងគុណមាតាបិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ ព្រមទាំងចេះជ្រើសរើសរាប់អានមិត្តភក្តិល្អៗ និងថ្ងៃអនាគតគឺជាយុវជនទំពាំងស្នងឫស្សី ដើម្បីរួមចំណែកជួយដល់សង្គមជាតិទាំងមូល ៕

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣