មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ និងតម្លៃទំនិញនៅផ្សារពាណិជ្ជកម្មក្រុងព្រះសីហនុ
Roth - ០៨ កក្កដា ២០២៦
image

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ប៉ិច អនុប្រធានសាខា បានដឹកនាំមន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ ចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ និងស្រង់តម្លៃទំនិញ នៅផ្សារពាណិជ្ជកម្មក្រុងព្រះសីហនុ ដើម្បីធានាសុខុមាលភាពជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានអនុវត្តសកម្មភាពសំខាន់ៗមួយចំនួនរួមមាន ការតាមដានតម្លៃទំនិញ ពិនិត្យ និងស្រង់តម្លៃទំនិញនៅលើទីផ្សារ ដើម្បីធានាបាននូវតម្លាភាព។

 

ការណែនាំអំពីអនាម័យ ណែនាំដល់អាជីវករឲ្យរៀបចំដាក់តាំងលក់ទំនិញប្រកបដោយអនាម័យ និងបែងចែកប្រភេទម្ហូបអាហារដាច់ដោយឡែកពីទំនិញប្រើប្រាស់ផ្សេងៗ។

 

ការផ្សព្វផ្សាយច្បាប់អប់រំដល់អាជីវករអំពីសារធាតុគីមីហាមឃាត់មួយចំនួន ដែលច្បាប់មិនអនុញ្ញាតឲ្យដាក់លាយក្នុងម្ហូបអាហារ។

មន្ត្រីជំនាញបានយកសំណាកគំរូម្ហូបអាហារជាច្រើនមុខ ដូចជាគ្រឿងសមុទ្រ (បង្គា ម៉ឹក ត្រីសមុទ្រ) ត្រីងៀត បង្គាក្រៀម តៅហ៊ូ សណ្តែកបណ្តុះ ប្រហិតសាច់គោ សាច់បាតេ ឈាមជ្រូក ខ្ញីហាន់ សាច់ក្រក រួមទាំងបន្លែ និងផ្លែឈើ ទៅធ្វើការវិភាគបឋមនៅលើរថយន្តពិសោធន៍ចល័ត។

 

ជាលទ្ធផលនៃការធ្វើតេស្ត គឺពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្មនៅក្នុងសំណាកម្ហូបអាហារទាំងអស់នោះឡើយ។ បន្ថែមពីនេះ មន្ត្រីជំនាញបានបន្តពិនិត្យលើទំនិញគ្រឿងកំប៉ុង កញ្ចប់ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមតូបលក់គ្រឿងទេសនានាផងដែរ។

ក្នុងឱកាសនោះ មន្ត្រីសាខា ក.ប.ប. ក៏បានថ្លែងការកោតសរសើរចំពោះទឹកចិត្ត និងមនសិការខ្ពស់របស់បងប្អូនអាជីវករ ដែលបានចូលរួមសហការយ៉ាងល្អ តាមរយៈការធ្វើពហិការឈប់លក់ និងស្ម័គ្រចិត្តប្រគល់ទំនិញថៃមួយចំនួនជូនមន្ត្រីជំនាញដើម្បីយកទៅដុតកម្ទេចចោល រួមមាន៖

ភេសជ្ជៈ M 150 ចំនួន ៣៦ កេស (ស្មើនឹង ៥០៤ គីឡូក្រាម)

ភេសជ្ជៈ OISHI ចំនួន ២៥ កេស (ស្មើនឹង ៣២៥ គីឡូក្រាម)

សរុបមានចំនួន ៦១ កេស ស្មើនឹង ៨២៩ គីឡូក្រាម។

ប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ ក្នុងការការពារសុខភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រមទាំងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់អាជីវករក្នុងមូលដ្ឋាន៕

អត្ថបទ ៖ វុន សុខជា

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣