ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកណ្ដាលអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ (ទី២ ធ្នូ) ដោយគំរាមប្រើប្រតិបត្តិការខាងយោធាវាយប្រហារប្រទេសដែលលបលួចជញ្ជូនគ្រឿងញៀនចូលប្រទេសរបស់លោក និងបានបញ្ជាក់ថា នឹងបង្កើនកម្រិតការវាយប្រហារតាមផ្លូវគោក។
លោកត្រាំបានថ្លែងប្រាប់អ្នកសារព័ត៌មានថា «អ្នកណាដែលធ្វើបែបនោះ និងដឹកជញ្ជូនថ្នាំញៀនចូលមកលក់នៅក្នុងប្រទេសយើង នឹងត្រូវរងការវាយប្រហារ...» លោកថែមទាំងបង្ហាញឈ្មោះចំៗទៅលើប្រទេសកូឡុំបៀថា «ខ្ញុំឮសូរថា កូឡុំបៀកំពុងផលិតកូកាអ៊ីន ពួកគេមានរោងចក្រផលិត ហើយបញ្ជូនយកមកលក់ឱ្យយើង»។ លោកបានបញ្ជាក់ថា វិធានការនេះនឹងគ្របដណ្ដប់លើគ្រប់ប្រទេសដែលដឹកជញ្ជូនថ្នាំញៀនចូលសហរដ្ឋអាមេរិក ដែលមិនមែនមានតែ វ៉េនេហ្ស៊ុយអេឡា ប៉ុណ្ណោះទេ។
ការប្រកាសបែបនេះ បានប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងដល់លោក គុស្តាវ៉ូ ប៉េត្រូ ប្រធានាធិបតីនៃប្រទេសកូឡុំបៀ ដែលត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចស្រាប់ហើយ ដោយលោកប៉េត្រូ បានប្រតិកម្មឆ្លើយតបតាមរយៈ X ថា កូឡុំបៀអាចបំផ្លាញបន្ទប់ពិសោធន៍ផលិតថ្នាំញៀនបានភ្លាមៗរៀងរាល់ ៤០នាទី “ដោយមិនចាំបាច់ប្រើអាវុធ” ព្រមទាំងបបួលឱ្យលោកត្រាំ មកចូលរួមបង្ក្រាបថ្នាំញៀនទៀតផង តែចុងបញ្ចប់លោកបានព្រមានដោយឥរិយាបថខឹងសម្បាថា ៖ «កុំឈ្លានពានលើអធិបតេយ្យភាពរបស់យើង មិនដូច្នោះទេ វាស្មើនឹងដាស់ខ្លាកំណាចឱ្យភ្ញាក់ឡើង» លោកប៉េត្រូ បានបញ្ជាក់បន្ថែមថា «ការវាយប្រហារលើអធិបតេយ្យភាពរបស់យើង គឺការប្រកាសសង្គ្រាម»
ស្ថានការណ៍នៃភាពតានតឹងក្នុងភូមិភាគនេះ បានកើនកម្ដៅទ្វេឡើងជាបន្តបន្ទាប់ ដោយកាលពីអំឡុងច្រើនខែកន្លងមក លោកត្រាំ បានបញ្ជាឱ្យបាញ់កាំជ្រួចមីសស៊ីលកម្ទេចនាវាដែលជាប់សង្ស័យថា ដឹកគ្រឿងញៀននៅក្នុងសមុទ្រខារីបៀន និងប៉ាស៊ីហ្វ៊ិក បណ្ដាលឱ្យមានមនុស្សស្លាប់ជាច្រើនសិបនាក់ និងថែមទាំងមានការបន្ថែមកម្លាំងទ័ពអាមេរិកនៅក្នុងសមុទ្រខារីបៀន ក្រោមទំនាស់ជាមួយលោក នីខូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីប្រទេសវ៉េនេហ្ស៊ុយអេឡា ជាប្រទេសជិតខាងរបស់កូឡុំបៀ ដែលសហរដ្ឋអាមេរិកចោទថា ជាមេខ្លោងសំខាន់ក្នុងការដឹកជញ្ជូនគ្រឿងញៀន ហើយលោកត្រាំបានផ្ដល់សញ្ញាថា អាចនឹងប្រើប្រាស់កម្លាំងយោធាចូលជ្រៀតជ្រែកវ៉េនេហ្ស៊ុយអេឡាក្នុងពេលឆាប់ៗនេះទៀតផង៕


