ករណីគ្រោះធម្មជាតិទឹកជំនន់យ៉ាងគំហុក នៅខេត្តអយុធ្យា ប្រទេសថៃ បង្កឲ្យមានមនុស្សស្លាប់ និងរងការខូចខាតទ្រង់ទ្រាយធំ។
ហេតុការណ៍ដ៏អាក្រក់នេះ កើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ដោយសារតែការបញ្ចេញទឹកកម្រិតខ្ពស់ ២ ៩០០ម៉ែត្រគូប ក្នុងមួយវិនាទី ពីទំនប់ចៅប្រាយ៉ា ជំនន់បានជន់លិចផ្ទះប្រជាជន ចំនួន ៩៤៧ភូមិ ១៤៣ ឃុំ ស្មើនិង ១១ស្រុក បណ្តាលឲ្យប៉ះពាល់ដល់ប្រជាជនថៃ ប្រមាណ ៦២៣៤៨ គ្រួសារ ដោយគ្រួសារខ្លះត្រូវជម្លៀសចេញរកទីទួលសុវត្ថិភាព ។
ខេត្តអយុធ្យា រងការជន់លិចខ្លាំងជាងគេ ពោលគឺឈានដល់កម្រិតធ្ងន់ធ្ងរខុសពីរាល់ឆ្នាំ ដោយប៉ះពាល់សូម្បីប្រាសាទបុរាណ។ កាលពីសប្តាហ៍មុន ប្រាសាទបុរាណ Choeng Tha ដែលសាងសង់ក្នុងសម័យអាយុធ្យា និងត្រូវបានចុះបញ្ជីជាទីតាំងបុរាណវិទ្យា ត្រូវទឹកលិចជម្រៅមួយម៉ែត្រ ហើយឥឡូវនេះ ទឹកឡើងកាន់តែខ្លាំងព្រោះតែការទម្លាយទឹកចេញពីទំនប់ចៅប្រាយ៉ា។
ឆ្នាំនេះទូទាំងប្រទេសថៃ ត្រូវវាយប្រហារយ៉ាងដំណំ ដោយសារព្យុះជាបន្តបន្ទាប់ បង្កជាទឹកជំនន់ធ្ងន់ធ្ងរ។ អយុធ្យាក្លាយជាខេត្តមួយដែលរងគ្រោះខ្លាំងជាងគេ ដោយកត្តាដែលធ្វើឲ្យទីនោះលិចលង់ លិចទាំងប្រាសាទទៀតនោះ គឺដោយសារភ្លៀងធ្លាក់ឥតឈប់មិនធ្លាប់មាន ជាឥទ្ធិពលនៃព្យុះយ៉ាងច្រើន ពិសេសព្យុះ Kalmaegi បានរុញកម្ពស់ទឹកនៅទំនប់ចៅប្រាយ៉ា ឲ្យឡើងដល់កម្រិតគ្រោះថ្នាក់ ជាហេតុត្រូវបង្ខំរំដោះទឹកចេញ បើមិនដូច្នោះ អាចប្រឈមការបាក់ធ្លាយទំនប់ នឹងមានហានិភ័យខ្ពស់ដល់ទីក្រុងបាងកក ៕



