នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ នៅឯព្រលានយន្តហោះ ដនមឿង លោក Sihasak Puangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍អំពីផែនការដោះលែងទាហានកម្ពុជា ១៨នាក់។ លោកបានលើកឡើងថា ការដោះលែងទាហានកម្ពុជា គឺត្រូវការការបញ្ជាក់បន្ថែមពីយោធា ហើយការដោះលែងនេះ ក៏មិនមានសម្ពាធពីប្រទេសណាមួយទេ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានថ្លែងថា លោកបានដឹងថា ការដោះលែងនេះ គ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា នេះ ប៉ុន្តែត្រូវការការបញ្ជាក់ពីភាគីយោធាម្តងទៀត។ លោកបានសង្កត់ធ្ងន់ថា ការដោះលែងនេះ គឺស្របតាមលក្ខខណ្ឌ ដែលកំណត់ដោយអាជ្ញាធរថៃ ដែលរួមមានការដកអាវុធធន់ធ្ងន់ និងការបើកឱ្យភាគីថៃចូលទៅបោសសម្អាតមីនជាដើម។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃរូបនេះ ក៏បានបញ្ជាក់ដែរថា មិនមានការដោះដូរ ឬសម្ពាធពីបរទេសណាមួយពាក់ព័ន្ធនឹងការដោះលែងនោះទេ។
ដោយឡែក ចំពោះបញ្ហាទាំងនេះដែលកន្លងមករដ្ឋាភិបាលថៃ និងយោធាថៃ តែងតែធ្វើអ្វីមិនច្បាស់លាស់ ប្រែប្រួល និងមានល្បិចកលច្រើនមិនគួរឲ្យជឿទុកចិត្ត ។ សូម្បីតែអ្នកកាសែតជាន់ខ្ពស់នៃកាសែតថៃ Khaosod ក៏បានថ្លែងរិះគន់ធ្ងន់ៗថា មន្ត្រីរដ្ឋាភិបាលថៃ ទាំងយោធា និងមិនមែនយោធា គួរតែពិភាក្សាគ្នាផ្ទៃក្នុងឱ្យបានច្បាស់លាស់ មុននឹងចេញផ្សាយព័ត៌មានអំពីពេលវេលាដែលទាហានកម្ពុជា ១៨នាក់ នឹងត្រូវដោះលែង ពីព្រោះការចេញផ្សាយព័ត៌មាន បន្ទាប់មកកែតម្រូវវាជាច្រើនដង គឺមិនបានជួយឱ្យប្រទេសថៃមើលទៅអាចជឿទុកចិត្តបានទេ នៅក្នុងក្រសែភ្នែកពិភពលោក៕


