អភិបាលក្រុងបាងកក លោក ឆាឆាត ស៊ីទីភុន Chadchart Sittipunt បានប្រកាសថា នៅថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ទឹកដែលហូរចេញពីទំនប់នានានៅភាគខាងជើងប្រទេស ទំនងជានឹងធ្វើឱ្យស្ថានការណ៍នៅទីក្រុងបាងកកក្លាយជាវិបត្តិដូចដែលបានកើតឡើងកាលពីឆ្នាំ២០១១ (ដែលជាឆ្នាំមានទឹកជំនន់ដ៏អាក្រក់មួយ)។ ការប្រកាសព្រមានរបស់អភិបាលក្រុងបាងកករូបនេះ ត្រូវបានកាសែតថៃចុះផ្សាយ នៅថ្ងៃទី២ ខែតុលា នេះ។
លោក Chadchart បានថ្លែងថា បញ្ហាដែលគួរឱ្យបារម្ភ និងត្រូវតាមដានជាពិសេស គឺការបញ្ចេញទឹកពីទំនប់ផ្នែកខាងលើ ដោយសារតែកម្រិតទឹកបច្ចុប្បន្នមានកម្រិតខ្ពស់គួរសម ពោលគឺដូចកម្រិតកាលពីឆ្នាំ២០១១។ បន្ថែមពីនេះ មានការរំពឹងថា ទំនប់ទាំងនោះនឹងបង្ហូរទឹកបន្តិចម្តងៗក្នុងអត្រាប្រហែល ២៥០០ម៉ែត្រគូប ក្នុងមួយវិនាទី។
អភិបាលក្រុងបាងកករូបនេះ ក៏បានព្រមានដែរថា ទឹកអាចនឹងធ្លាយចេញពីទំនប់ការពារទឹកជំនន់ នៅក្នុងតំបន់មួយចំនួន។ លោកបានឲ្យដឹងដែរថា ទីក្រុងបាងកកបានត្រៀមបាវខ្សាច់ជាង ២០ម៉ឺនបាវ ដើម្បីចែកចាយទៅកាន់តំបន់ដែលប្រឈមនឹងហានិភ័យ។ ប្រជាពលរដ្ឋក្នុងក្រុងបាងកកដែលរស់នៅ ក្រៅតំបន់ទំនប់ការពារ ត្រូវបានជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតអំឡុងថ្ងៃទី៩-១០ខែតុលា ខាងមុខនេះ។
អភិបាលក្រុងរូបនេះ ក៏បានបញ្ជាក់អំពីតំបន់ដែលប្រឈមនឹងទឹកជំនន់ខ្លាំងជាងគេផងដែរ គឺភាគច្រើនជាតំបន់ប្រជុំជន ដែលនៅជាប់នឹងដងទន្លេចៅព្រះយា ដែលស្ថិតនៅចំកណ្តាលក្រុងបាងកកតែម្តង។








