កិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ត្រូវបានចុះហត្ថលេខា សម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ
រវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ជាមួយរដ្ឋបាលខេត្តកំពង់ធំ។
គម្រោងនេះមានគោលបំណងអភិវឌ្ឍតំបន់កសិ-ឧស្សាហកម្មកែច្នៃ តាមគំរូ «ពីកសិដ្ឋានដល់រោងចក្រ» (Farm-to-Factory Agro-Processing Zone) ដែលនឹងលើកកម្ពស់ឧស្សាហកម្មជំនួសការនាំចូល និងឧស្សាហកម្មដែលផ្តោតលើ ការនាំចេញ ដោយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែម។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរំពឹងថានឹង ពង្រឹងឧស្សាហូបនីយកម្មជនបទ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលរបស់កសិករ តាមរយៈការអភិវឌ្ឍឧស្សាហកម្ម កែច្នៃកសិផល។

ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំនេះ គឺស្របទៅតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ ជំរុញទំនើបកម្មវិស័យកសិកម្ម ការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម និងការអភិវឌ្ឍតំបន់ប្រកបដោយតុល្យភាព។ គម្រោងនេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិ ក្នុងការពង្រឹងវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា បង្កើតឱកាសការងារនៅតំបន់ជនបទ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជាទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមាន ប្រសាសន៍អំពីគម្រោងនេះថា៖ «គម្រោងនេះគឺជាការបោះជំហានចូលទៅក្នុងវិស័យថ្មីមួយសម្រាប់ក្រុមហ៊ុនរបស់យើង ហើយវា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់ជនបទ ដោយប្រើប្រាស់ជំនាញនិងបទពិសោធន៍ ដែល យើងបានកសាងអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក។ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ យើងមានគោលបំណង បង្កើតឱកាសការងារប្រកបដោយចីរភាព ផ្តល់ប្រភពចំណូលមានស្ថិរភាពដល់សហគមន៍ជនបទ និងគាំទ្រដល់ការអភិវឌ្ឍវិស័យ កសិ-ឧស្សាហកម្មរបស់កម្ពុជា»។
ដោយផ្អែកលើបទពិសោធន៍ជាងពីរទសវត្សរ៍ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានគោលបំណងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកំពង់ធំ ឱ្យក្លាយជាតំបន់កសិ-ឧស្សាហកម្មកែច្នៃតាមគំរូ «ពីកសិដ្ឋានដល់រោងចក្រ» ឈានមុខគេ ដែលរួមចំណែកពង្រឹង ខ្សែសង្វាក់តម្លៃកសិកម្ម ទាក់ទាញការវិនិយោគប្រកបដោយ គុណភាព និងបង្កើតឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រជាកសិករ និងសហគមន៍ជនបទនៅកម្ពុជា។

សុមជម្រាបថា
រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន អាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស។
