ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ ចុះពិនិត្យការលែងកូនត្រី បង្គា និងក្តាម ដើម្បីបង្កើនប្រាក់ចំណូលជូនសហគមន៍តំបន់ឆ្នេរ
Roth - ០៥ មេសា ២០២៦
image

ខេត្តព្រះសីហនុ៖ នាថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យសកម្មភាពលែងកូនត្រីឆ្ពង់ បង្គា និងក្តាម នៅក្នុងមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ ដែលស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅក្នុងការចុះពិនិត្យសកម្មភាពលែងកូនត្រី និងក្តាមនេះ ក៏មានការអមដំណើរដោយ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។ សកម្មភាពនៃការលែងកូនត្រី និងវារីសត្វសមុទ្រនាពេលនេះ ធ្វើឡើងក្នុងគោល ការអភិរក្ស និងបង្កើនផលស្តុក៖ បំពេញបន្ថែមនូវធនធានវារីសត្វសមុទ្រដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ និងការបណ្តុះបណ្តាលបំណិនជីវិត៖ ពង្រឹងសមត្ថភាពមជ្ឈមណ្ឌលក្នុងការបង្ហាញ និងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមដល់ប្រជាពលរដ្ឋ បង្កើតប្រភពចំណូលបន្ថែម និងធានាសន្តិសុខស្បៀងជូនដល់បងប្អូនប្រជានេសាទ និងសហគមន៍តំបន់ឆ្នេរឱ្យកាន់តែប្រសើរឡើង។ លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់លើវិស័យវារីវប្បកម្មសមុទ្រ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនេសាទហួសកម្រិត និងជួយឱ្យសហគមន៍អាចរស់នៅដោយពឹងផ្អែកលើការចិញ្ចឹមបែបវិទ្យាសាស្ត្រ ដែលផ្ដល់ទិន្នផលខ្ពស់ និងមាននិរន្តរភាព។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រនេះ កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការស្រាវជ្រាវ និងផ្ទេរចំណេះដឹងផ្នែកកសិកម្មសមុទ្រ ដល់យុវជន និងអ្នកចង់ចាប់យករបរចិញ្ចឹមសត្វសមុទ្រក្នុងខេត្តព្រះសីហនុទាំងមូល៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣