សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) ចេញលិខិតបដិសេធ លើរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ
Roth - ២៨ វិច្ឆិកា ២០២៥
image

លិខិតបដិសេធ
សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) សូមបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អង្ការ ចំពោះការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឲ្យមានការយល់ច្រឡំ ក្នុងចេតនាទុច្ចរិត ញុះញង់ និងមួលបង្កាច់ការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ ។
សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានមើលឃើញថា តាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ បងប្អូនពលករដែលវិលត្រឡប់មកចូលកម្ពុជាវិញ ត្រូវបាន រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់តាមរយៈការរៀបចំមណ្ឌលសំចត, ផ្តល់មធ្យោបាយធ្វើដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃ, ជួយលើកសម្ភារៈ, ផ្តល់ទឹកសុទ្ធ និងអាហារសម្រន់,ជួយសម្រួលឯកសារអត្តសញ្ញាណកម្ម និងជួយឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុពន្យាពេលក្នុងការសង។ ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បង្កើតយុទ្ធនាការ “ខ្មែរជួយការងារ និងផ្តល់ការងារឲ្យខ្មែរ” តាមរយៈការជួយគ្នាចុះឈ្មោះរកការងារធ្វើតាមប្រព័ន្ធទូរស័ព្ទលេខ ១២៩៧ និងតាមប្រព័ន្ធតេឡេក្រាម ។ ព្រមទាំងរៀបចំវេទិការការងារភ្លាមៗនៅតាមភូមិ-ឃុំ ដែលមានចំនួនបងប្អូនពលករវិលមកវិញជាច្រើន ថ្នាក់ដឹកនាំនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ កសិដ្ឋាន ចុះទៅសម្ភាសន៍ការងារផ្ទាល់នៅតាមឃុំតែម្តង សរុបចំនួន ៥៧៧លើក ព្រមទាំងរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផ្លាស់ប្តូរជំនាញដល់បងប្អូនដែលចង់បង្កើតមុខរបរ ឬធ្វើការនៅតាមភូមិ-ឃុំ។ ជាលទ្ធផលបងប្អូនពលករបានទទួលការងារធ្វើក្នុងប្រព័ន្ធចំនួនប្រមាណជាង ២៨ម៉ឺននាក់ ហើយក្រសួងកំពុងមានឱកាសការងារប្រមាណ ៨ម៉ឺនកន្លែង និងកំពុងប្រមូលបន្ថែម ។
អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមកុំចែកចាយបន្តចំពោះអត្ថបទដែលគ្មានការពិត និងគ្មានវិជ្ជាជីវៈខាងលើនេះ ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣