បុណ្យកឋិនទានសាមគ្គី ដែលផ្តួចផ្តើមឡើងដោយ មហាឧបាសិកា គឹម សុភាព និងឯកឧត្តម លី វិចិត្រ ព្រមទាំងលោកជំទាវ ហ៊ុន រស្មី ដង្ហែទៅកាន់វត្តប្រាសាទ
Roth - ១៣ តុលា ២០២៥
image

នាថ្ងៃទី១១ និងទី១២ ខែតុលា ឆ្នាំ២០២៥ មហាឧបាសិកា គឹម សុភាព និងឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន រស្មី ព្រមទាំងថ្នាក់ដឹកនាំសមាជិក សមាជិកា សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានមូលមតិគ្នាជាឯកច្ឆន្ទផ្តួចផ្តើមប្រារព្ធធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែវេរប្រគេន ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុង វត្តប្រាសាទ ស្ថិតនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។

ក្នុងពិធីបុណ្យកឋិនទាននេះ មានរយៈពេល២ថ្ងៃ ដោយនៅរសៀលថ្ងៃសៅរ៍ ៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ មានរៀបចំពិធីក្រុងពាលី និមន្ដព្រះសង្ឃចំនួន ៥ អង្គសូត្រមន្ដចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ព្រមទាំងជួបជុំភ្ញៀវកិត្តិយសពិសាភោជនាហារ នៅគេហដ្ឋានរបស់ឯកឧត្តម លី វិចិត្រ និងលោកជំទាវ ដោយមានការចូលរួមចាប់មគ្គផល និងចូលបច្ច័យ ពីសំណាក់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ជាភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។

លុះនៅថ្ងៃអាទិត្យ ៥រោច ត្រូវនឹងថ្ងៃទី១២ ខែឆ្នាំដដែល ម្ចាស់កម្មវិធីបុណ្យ រួមនិងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់វត្តប្រាសាទ និងធ្វើពិធីដង្ហែប្រទក្សិណជុំវិញព្រះវិហារយ៉ាងអធិកអធម បូជាទៀនធូប ធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល តាមទំនៀមទម្លាប់ និងវិន័យព្រះពុទ្ធសាសនា ហើយបច្ច័យដែលទទួលបានពីពិធីបុណ្យនេះ ត្រូវបានបវរណាចំពោះព្រះសង្ឃ និងសង្កត់ត្រៃសម្រាប់កសាងសេនាសនៈនានាទុកជាគរុភណ្ឌក្នុងវត្តអារាម ហើយសូត្រយំកិញ្ចិ ឧទ្ទិសកុសលផលបុណ្យជាកិច្ចបង្ហើយកម្មវិធីបុណ្យ។​

ក្នុងឱកាសនោះដែរព្រះគ្រូចៅអធិការវត្តប្រាសាទ មានសង្ឃដីកាថា៖ បច្ច័យអមត្រៃដែលទទួលបានពីអង្គកឋិនទានសាមគ្គីនេះ ក្រៅពីការលៃលកសម្រាប់ចង្ហាន់ប្រចាំថ្ងៃព្រះសង្ឃ និងផ្គត់ផ្គង់លើតម្រូវការចាំបាច់ក្នុងវត្ត ថវិកាមួយចំនួនធំត្រូវយកទៅកសាងរបងវត្តដែលមានប្រវែងជាង ៦០០ម៉ែត្រ និងជាវដីពង្រីកទីធ្លាវត្តបន្ថែម ផងដែរ ។

ព្រះអង្គបានបង្ហាញព្រះទ័យរីករាយជ្រះថ្លា ជាមួយនឹងវត្តមាននៃការជួបជុំរបស់ញាតិញោមពុទ្ធបរស័ទជិតឆ្ងាយទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមប្រារព្ធធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែមកកាន់វត្តប្រាសាទ នេះពេលនេះ។

គួររំលឹកថា ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យមួយក្នុងព្រះពុទ្ធសាសនា ដែលមានចែងក្នុងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ ថ្ងៃ ១៥កើត ខែកត្តិក ជារៀងរាល់ឆ្នាំ។

ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ ដោយក្នុងមួយឆ្នាំបានតែមួយដងទេ ក្នុងមួយវត្ត ។


 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣