មេបញ្ជាការរុស្ស៊ីម្នាក់បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកមួយ ដែលរុស្ស៊ីគិតថាជាស្មាដៃអ៊ុយក្រែន
Roth - ២៣ ធ្នូ ២០២៥
image

មេបញ្ជាការ​ម្នាក់​នៃអគ្គ​សេនាធិការកងទ័ពរុស្ស៊ី បានស្លាប់​នៅក្នុងហេតុការ​ផ្ទុះគ្រាប់បែក​មួយ នៅ​ព្រឹកថ្ងៃចន្ទ​ទី​២២ធ្នូ នៅ​ខាងត្បូងក្រុងម៉ូស្គូ​។ ក្រុមស៊ើបអង្កើតរុស្ស៊ី បានដាក់ការសង្ស័យថា នេះអាចជាស្នាដៃរបស់​ក្រុម​ចារកិច្ច​អ៊ុយក្រែន​ ព្រោះថានេះមិនមែនជាលើកទីមួយទេ ដែលមន្ត្រីជាន់ខ្ពស់នៃ​កងទ័ពរុស្ស៊ី​ ត្រូវអ៊ុយក្រែន​រៀបផែនការ​សម្លាប់​។​

មេបញ្ជាការ​ម្នាក់​នៃកងទ័ពរុស្ស៊ី ឈ្មោះ Fanil Sarvarov បាន​ស្លាប់នៅក្នុងការបំ​ផ្ទុះគ្រាប់បែក​មួយ នៅព្រឹក​ថ្ងៃចន្ទទី​២២ធ្នូ នៅ​តំបន់ខាងត្បូងក្រុង​ម៉ូស្គូ។ ក្នុងពេលកើតហេតុ មេបញ្ជាការរុស្ស៊ី​រូបនេះ កំពុងស្ថិតក្នុង​រថយន្ត ហើយ​គ្រាប់បែក​ដែល​ត្រូវបានគេដាក់បង្កៃក្រោម​រថយន្ត ​បាន​ផ្ទុះ​បណ្តាល​ឲ្យរបួសធ្ងន់រហូតដល់ស្លាប់​។ ផ្អែកតាមសមត្ថកិច្ចស៊ើបអង្កេតរុស្ស៊ី គឺគេកំពុងដាក់ការសង្ស័យថា ​វាអាចជាស្នាដៃរបស់ក្រុមចារកិច្ចអ៊ុយក្រែន​។

 

Fanil Sarvarov អាយុ​៥៦ឆ្នាំ គឺជាប្រធាននាយកដ្ឋាន​ទទួល​បន្ទុក​រៀបចំប្រតិបត្តិការ​ នៃ​អគ្គសេនាធិការ​ដ្ឋាន​កងទ័ពរុស្ស៊ី​។ ពោលគឺលោក ដែលជាអ្នកចាត់ចែង រៀបចំ​ប្រតិបត្តិការ​កងទ័ពរុស្ស៊ី នៅសមរភូមិអ៊ុយក្រែន​។ Fanil Sarvarov មានបទពិសោធន៍​ធ្វើសង្គ្រាមក្នុងជួរកងទ័ពរុស្ស៊ី ច្រើនសមរភូមិមកហើយ ដូចជាសង្គ្រាម​នៅ​ឆេឆិននី ឆ្នាំ​១៩៩០-២០០០ ប្រតិបត្តិការកងទ័ពរុស្ស៊ី​នៅស៊ីរី ឆ្នាំ​២០១៥-២០១៦​ និងសង្គ្រាមអ៊ុយក្រែនចាប់ពីឆ្នាំ​២០២២មក។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ អ៊ុយក្រែន​មិនបាន​ប្រកាស​ទទួលស្គាល់ថា ឃាតកម្មនេះគឺជាស្នាដៃរបស់​បណ្តាញចារកិច្ចខ្លួនឡើយ​។ គិតចាប់ពី​សង្គ្រាមនៅអ៊ុយក្រែន​ ​បាន​ផ្ទុះ​មកនៅ​ខែកុម្ភៈឆ្នាំ​២០២២ មាន​មេបញ្ជាការកងទ័ព និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីច្រើននាក់ហើយ ដែល​ត្រូវបាន​គេសម្លាប់។ ករណី​ខ្លះត្រូវបានភាគីអ៊ុយក្រែន ប្រកាសទទួលស្គាល់ថាជាស្នាដៃរបស់ខ្លួន ព្រោះជនទាំងនេះ គឺជាអ្នកមានចំណែក​ដោយ​ផ្ទាល់នៅ​ក្នុងការធ្វើសង្គ្រាម​ឈ្លានពានអ៊ុយក្រែន​។ តែវាក៏អាចជាស្នាដៃ របស់ប្រជាជនរុស្ស៊ីក្រុមណាមួយដែរ ដែលពួកគេធ្វើ​សកម្មភាពប្រឆាំងនឹងសង្គ្រាមដែលរុស្ស៊ីធ្វើនៅអ៊ុយក្រែន។

 

គួររំលឹកថា កាលពី​ខែ​មេសា មេបញ្ជាការម្នាក់ទៀត ឈ្មោះ Iaroslav Moskalik ដែល​ជា​អនុប្រធាន​អគ្គបញ្ជាការដ្ឋានប្រតិបត្តិការ​ នៃសេនាធិការដ្ឋាន​កងទ័ពរុស្ស៊ី​​ ក៏ត្រូវគេសម្លាប់ក្នុង​ហេតុការណ៍​ស្រដៀងគ្នានេះដែរ​។ ហើយ​កាលពីខែ​ធ្នូ​ឆ្នាំ​២០២៤ មេបញ្ជាការរុស្ស៊ីទទួលបន្ទុក​កងកម្លាំងការពារ​​វិទ្យុសកម្មគីមី និងជី​វសាស្ត្រ​ Igor Kirillov ក៏បានស្លាប់​ដែរ នៅក្នុងហេតុការ​ណ៍​បំផ្ទុះគ្រាប់បែក​មួយ នៅមាត់ច្រកចូល​អគារផ្ទះស្នាក់​នៅ នៅម៉ូស្គូ​។ ករណីឃាតកម្មនេះ ត្រូវបាន​ភ្នាក់ងារ​សន្តិសុខ​អ៊ុយក្រែន SBU ប្រកាសទទួលស្គាល់ថាជាអ្នកធ្វើ​។ Daria Douguina កូនស្រីរបស់លោក Alexandre Douguine ដែល​ជា​​មេក្លោងទ្រឹស្តីជាតិ​និយមជ្រុល​រុស្ស៊ី ក៏ត្រូវបានគេធ្វើឃាតដោយ​ការបង្កៃគ្រាប់បែកក្នុងរថយន្តដែរ កាលពីខែ​សីហា​ឆ្នាំ​២០២២។ ចំណែក​នាយទាហានរុស្ស៊ីម្នាក់ ឈ្មោះ Maxime Fomine ដែលធ្វើវីដេអូលើបណ្តាញសង្គមគាំទ្រ​កងទ័ពរុស្ស៊ីផ្កាប់មុខ ក៏បាន​ស្លាប់​ដោយ​ការបំផ្ទុះ​គ្រាប់បែកមួយដែរ ​នៅទីក្រុងសាំងប៉េតេសបួរ កាលពីខែមេសា​ឆ្នាំ​២០២៣៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣