សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានទទួលស្វាគមន៍គណប្រតិភូសហព័ន្ធសហជីពឡាវ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា
Roth - ១៧ ធ្នូ ២០២៥
image

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចរបស់គណប្រតិភូសហព័ន្ធសហជីពឡាវ LFTU ដែលបានអញ្ជើញមកកាន់កម្ពុជា រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២៥ ។ ក្នុងជំនួបទ្វេរភាគីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតឡាវ និងវត្តមានរបស់លោកស្រី លោកស្រី ALYAVANH ACKHAVONG អនុប្រធាន LFTU រួមនិង ប្រតិភូអមដំណើរ លោក សួង ហួត ប្រធានក្រុមប្រឹក្សាភិបាលសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា រួមទាំងសមាជិក សមាជិកា របស់ NACC ជាច្រើនរូប។

ក្នុងឱកាសនោះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ក៏បានជម្រាបជូនពីប្រវត្តិ NACC និងស្ថានភាពសហជីពក៏ដូចជាកម្មករនៅកម្ពុជា ដែលរហូតមកដល់បច្ចុប្បន្ននេះ មានសហភាពចំនួន ១១ ហើយក្នុងនោះមាន ៩៩ សហព័ន្ធសហជីព ២២ សមាគម ៥ អង្គការ និង ១ វិទ្យាស្ថាន បានចងសម្ព័ន្ធជាមួយ ។ ប្រធាន NACC ក៏បានលើកឡើងអំពីស្ថានភាពកម្មករកម្ពុជាបច្ចុប្បន្ន នោះមានកម្មករប្រហែល ៧០% ជាសមាជិកសហជីព ហើយកម្មករ ទទួលបាន ប្រាក់ឈ្នួលអប្បបរមា ចំនួន ២១០ ដុល្លារក្នុង១ខែ សម្រាប់ឆ្នាំ ២០២៦ ខាងមុខ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិត នៅទទួលបាន ប្រាក់ធ្វើដំណើរ និងស្នាក់នៅ ប្រាក់រង្វាន់លើកទឹកចិត្ត ប្រាក់ថែមម៉ោង និង អត្ថប្រយោជន៏ផ្សេងទៀត ជាមធ្យម ប្រាក់ឈ្នួលរបស់កម្មករ និយោជិត គឺមានប្រហែល ចន្លោះពី ២៥០ ដល់៥០០ ដុល្លារ ។​

លោកក៏បានគូសបញ្ជាក់ថា ចំពោះប្រាក់ខែកម្មករ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតំឡើងជារៀងរាល់ឆ្នាំ តាមរយៈគណៈកម្មាធិការជាតិប្រាក់ឈ្នួល ។ ហើយអ្វីដែលកាន់តែពិសេស កម្មករ និយោជិត នៅកម្ពុជា បច្ចុប្បន្នក៏ទទួលបាននូវកិច្ចគាំពារសង្គម ពីរបបសន្តិសុខសង្គម បានផ្តល់ជូនកញ្ចប់ធានារ៉ាប់រងលើគ្រោះថ្នាក់ការងារ ការធានារ៉ាប់រងលើការថែទាំសុខភាព និងការផ្តល់ប្រាក់សោធននិវត្ត។

លោក គឹម ចាន់សំណាង ក៏បានលើកឡើង អំពីប្រវត្តិសង្ខេបនៃទំនាក់ទំនងកម្ពុជា ឡាវ ដោយបានរំលឹកថាឆ្នាំនេះជាខួប ៦៧ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជាឡាវ នៅឆ្នាំ១៩៥៦។ ប្រទេសឡាវ និងកម្ពុជា ជាប្រទេសជិតខាង មានទំនាក់ទំនងមិត្តភាពសាមគ្គីភាពជាប្រពៃណីធ្លាប់ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរជាច្រើនជំនាន់ បានបង្កើតមិត្តភាពដ៏ជ្រាលជ្រៅបំផុត។ ប្រទេសទាំងពីរ មានការផ្លាស់ប្តូរជាប្រក្រតីនូវការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ ដូចជារដ្ឋមន្ត្រី និងគណៈប្រតិភូស្ថាប័ននានាទៀត ដើម្បីធ្វើឲ្យប្រសើរ និងស៊ីជម្រៅថែមទៀតនូវការយោគយល់ ជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក ជាពិសេសប្រទេសទាំងពីរ បានធ្វើការអភិវឌ្ឍកិច្ចសហប្រតិបត្តិ ការប្រកបដោយផ្លែផ្កាក្នុងវិស័យនានា ដូចជា វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន វិស័យអប់រំ វប្បធម៌ ថាមពល សុខភិបាល ទេសចរណ៍ និងវិស័យនានាទៀត។

ចំណែកប្រវត្តិនៃទំនាក់ទំនងរវាង NACC ជាមួយ LFTU បានចាប់ផ្តើមទំនាក់ទំនងដំបូង បំផុត តាមរយៈជំនួបគ្នារវាង ឯកឧត្តម Vilay Vong Kasem ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ សហជីពឡាវ និងឯកឧត្តម សួង ហួត ទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិ នៅទីក្រុងហ្សឺណែវប្រទេសស្វីស ក្នុងសន្និសីទប្រចាំឆ្នាំរបស់អង្គការអាយឡូ នៅឆ្នាំ២០១២ ។

លោកប្រធានក៏បានធ្វើការកត់សំគាល់ និងវាយតំលៃខ្ពស់ថា NACC និង LFTU បានភ្ជាប់ទំនាក់ទំនង និងការសហការល្អជាមួយគ្នា និងបានឈានដល់ការចុះអនុសារណៈយោគយល់គ្នា MoU ដែលជាសក្ខីភាព បង្ហាញពីការបង្កើនកម្រិតនៃទំនាក់ទំនងផ្លូវការ រវាងសហជីពទាំង២ ឲ្យកាន់តែស៊ីជំរៅ និងរឹងមាំជាងមុន។

ជាចុងក្រោយ ក្នុងនាមប្រធាន NACC លោក គឹម ចាន់ សំណាង ក៏បានប្រកាសបន្តរកិច្ចសហប្រតិបត្តិការល្អជាមួយ LFTU និងគាំទ្រយ៉ាង ពេញទំហឹងចំពោះកិច្ចសហការនេះ ហើយនិងប្តេជ្ញាក្នុងការពង្រឹងទំនាក់ទំនងរវាង NACC និង LFTU ឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត៕

 


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣