ក្នុងនាម ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) និងថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ព្រមទាំងសមាជិក សមាជិកា សហព័ន្ធសហជីពទាំង៧ សូមប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ការឈ្លានពានទាំងកម្រោលពីសំណាក់កងកម្លាំងថៃ ការវាយប្រហាររបស់ ថៃមកលើអធិតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ដោយយន្តហោះ F-16 អាវុធធន់ធ្ងន់ និងផ្សែងពុល កាលពីថ្ងៃ ទី៧ និងទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងតំបន់ជាច្រើន ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាជនស៊ីវិលស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យ សម្បត្តិរដ្ឋ និងឯកជនរបស់កម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់។

យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិកម្ពុជា បានបង្ហាញឱ្យឃើញថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ លើសពីនេះនៅវេលាម៉ោងប្រមាណ ២០:០២នាទីយប់ យោធាថៃបានបើកការ បាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀម របស់កម្ពុជា ក្នុងភូមិសាស្ត្រអូរផ្កាស្នេហ៍។ បន្ទាប់មក នៅវេលាម៉ោង ២០:៣០នាទី កងកម្លាំងយោធាថៃបានបន្ត បាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃ បានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ បាញ់ជាច្រើនគ្រាប់។
សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ពិសេស អាស៊ាន និងសហរដ្ឋអាមេរិក ដែលជាសាក្សីក្នុងការចុះ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ សូមថ្កោលទោស ដាច់អហង្ការ ចំពោះសកម្មភាព រំលោភបំពានដោយកំរោលរបស់ថៃ ហើយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះ ទង្វើរបស់ខ្លួន៕











