ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យការស្នើមេដាយការងារ និងគ្រឿងឥស្សរិយយសជូន សម្រាប់ឆ្នាំ២០២៥
Roth - ១៤ វិច្ឆិកា ២០២៥
image

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលើការស្នើមេដាយ និងគ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ឆ្នាំ២០២៥ ដែលមានស្នាដៃល្អក្នុងការបំពេញការងារនាពេលកន្លងមក។

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន បានជម្រាប ស្តីពីការលើកទឹកចិត្ត និងការស្នើសុំគ្រឿងឥស្សរិយយស និងមេដាយជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការដែលមានស្នាដៃក្នុងកិច្ចការងារបម្រើជាតិ។ នៅឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មានបានគោរពស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មានចំនួន ២៤៦រូប ក្នុងនោះមានស្រី ៨៤នាក់ ក្នុងចំណោមនោះក៏មានថ្នាក់ដឹកនាំចំនួន ៣២រូបផងដែរ ។ មន្ត្រីរាជការដែលបម្រើការងារនៅអង្គភាពចំណុះក្រសួងព័ត៌មាន មានចំនួន ២១៤រូប ស្រី ៨០រូប ថ្នាក់ជាតិ ១២៤រូប និងថ្នាក់ក្រោមជាតិ ៩០រូប គិតជាភាគរយ ប្រមាណ ១៤% នៃចំនួនមន្ត្រីក្របខណ្ឌសរុប ១ ៥៣៩នាក់ ។

លោកជំទាវ ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយករដ្ឋ និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន ជម្រាបចំនួនអង្គភាព និងថ្នាក់នាំដែលស្នើសុំ មេដាយ និងគ្រឿងឥស្សរិយយស រួមមានថ្នាក់ដឹកនាំជារដ្ឋលេខាធិការ ៨រូប អនុរដ្ឋលេខា ២៤រូប សរុប ៣២រូប, មន្ត្រីនៅតាមអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងព័ត៌មាន ១២៤នាក់ ។ ថ្នាក់ក្រោមជាតិ តាមបណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត សរុប ៩០រូប ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការស្នើសុំមេដាយ និងគ្រឿង ឥស្សរិយយស ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន គឺធ្វើឡើងដោយមានក្រុមការងារពិនិត្យទៅលើមន្ត្រីសកម្មដែលអនុវត្តន៍ការងារជាក់សកតែង, មន្រ្តីដែលត្រូវចូលនិវត្តន៍នៅឆ្នាំក្រោយ,មន្ត្រីដែលមានអតីភាពការងារក្រោម ១០ឆ្នាំដែលមិនធ្លាប់ទទួលបានមេដាយ, ផ្ទៀងផ្ទាត់ពេលវេលាជាមួយ មេដាយដែលទទួលបានចុងក្រោយ និងចុងក្រោយមានឯកសារយោងពេញលេញត្រឹមត្រូវ ។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មេដាយ និងគ្រឿងឥស្សរិយយស ដែលត្រូវស្នើសុំទាំងអស់នេះ គឺនឹងត្រូវធ្វើការបំពាក់ជូននៅក្នុងឱកាសនៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មានក្រសួងគ្រោងនឹងរៀបចំនៅអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ដែលជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ដែលមានស្នាដៃក្នុងការបំពេញការងារ ។

គួរបញ្ជាក់ដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម នេត្រ ភក្ត្រា ជារដ្ឋមន្ត្រី បានដឹកនាំរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួន បានចំនួន ២លើករួចមកហើយ និងបានបពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានចំនួន ២លើកផងដែរ ដែលជាការបានបង្ហាញពីសមិទ្ធផល និងស្នាដៃថ្មីៗគួរជាទីមោទនៈ៕

ប្រភព៖ ក្រសួងព័ត៌មាន

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣