សហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “កិច្ចសន្យាការងារ និងសិទ្ធិ-កាតព្វកិច្ចរបស់កម្មករ”
Roth - ២៣ កញ្ញា ២០២៦
image

កណ្តាល៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី៣ ក្រោមប្រធានបទ «កិច្ចសន្យាការងារ និងសិទ្ធិ-កាតព្វកិច្ចរបស់កម្មករ» នៅឯស្នាក់ការកណ្តាលរបស់ខ្លួន ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំសហភាពសហជីព និងថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ៧ សហព័ន្ធ ដែលជាសិក្ខាកាម សរុបចំនួន ៣០នាក់។

លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា​ CCWF ក៏បានមានមតិសំណេះសំណាលជាមួយសិក្ខាកាមទាំងអស់ ដែលបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលលើកទី៣ នេះ និងបានជម្រុញលើកទឹកចិត្តឲ្យខិតខំសិក្សាដោយយកចិត្តទុកដាក់ ដើម្បីក្រេបជញ្ជក់ចំណេះដឹង និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ជាពិសេសចំណេះជំនាញក្នុងការដោះស្រាយបញ្ហាវិវាទ នៅកន្លែងការងារ។

លោក លី វិចិត្រ ក៏បានក្រើនរំលឹកដែរថា វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ គឺផ្តោតលើ “កិច្ចសន្យាការងារ​ និងសិទ្ធិ-កាតព្វកិច្ចរបស់កម្មករ” ដូចច្នេះមេរៀននេះគឺមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ដឹកនាំសហព័ន្ធសហជីព ដែលត្រូវស្វែងយល់ពីវាឲ្យបានស៊ីជម្រៅ ព្រោះលោកយល់ឃើញថា បញ្ហាកិច្ចសន្យាការងារនៅតាមរោងចក្រ និងសហគ្រាសមួយចំនួន នៅតែជាប្រភពនៃវិវាទញឹកញាប់។ ដូច្នេះក្នុងនាមយើងជាសហជីព តំណាងការពារ សិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ត្រូវយល់ដឹងពីវាកាន់តែច្បាស់លាស់ ទើបអាចដោះស្រាយជូនពួកគាត់ប្រកបដោយប្រសិទ្ធភាព។


ឆ្លៀតក្នុងឱកាសនោះ លោកប្រធានសហភាពសហជីព ក៏បានមានប្រសាសន៍លើកឡើងអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាឆ្នាំ២០២៦ ផងដែរ ។ លោកបានគូសបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ គឺគិតត្រឹមខែសីហា ឆ្នាំ២០២៦ នេះ កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ទទួលបានប្រាក់ខែអប្បបរមាសរុបចំនួន ២២៩.៥ដុល្លារ ដែលក្នុងនោះប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតត្រូវតែទទួលបានចំនួន ១៩,៥ដុល្លារ។ ដូច្នេះប្រាក់ឈ្នួលអប្បបរមា របស់កម្ពុជា ក្នុងឆ្នាំ២០២៦ ត្រូវបានវាយតម្លៃថា មានកម្រិត ខ្ពស់ជាង ប្រទេសប្រកួតប្រជែងមួយចំនួននៅក្នុងតំបន់ និងទ្វីបអាស៊ី ដូចជាវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ ដែលជាចំណុចវិជ្ជមានសម្រាប់ជីវភាពកម្មករ ប៉ុន្តែក៏ជាការប្រកួតប្រជែងមួយសម្រាប់ទាក់ទាញវិនិយោគិន។ ដែលសមិទ្ធផលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​ ដែលបានបង្កើត ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ៖ ជាយន្តការត្រីភាគីដែលរួមមាន ក្រសួងការងារ ជាតំណាងរាជរដ្ឋាភិបាល  ភាគីសមាគមរោងចក្រ  តំណាង និយោជក និង ភាគីសហជីព តំណាងបងប្អូនកម្មករនិយោជិត ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលលើកទី៣នេះ ផ្តោតលើប្រធានបទ “កិច្ចសន្យាការងារ និងសិទ្ធិ-កាតព្វកិច្ចរបស់កម្មករ” ដែលខ្លឹមសារទាក់ទងទៅនិង ប្រភេទនៃកិច្ចសន្យាការងារ និងចំណុចសំខាន់ៗដែលកម្មករត្រូវដឹង , សិទ្ធិ និងកាតព្វកិច្ចរបស់កម្មករ និង តួនាទីរបស់សហជីពក្នុងការការពារសិទ្ធិកម្មករតាមកិច្ចសន្យាការងារ ។

វគ្គបណ្តុះបណ្តាលរយៈពេល ១ថ្ងៃពេញនេះ បានបញ្ចប់ទៅដោយជោគជ័យ ដោយផ្តល់នូវចំណេះដឹងគន្លឹះសំខាន់ៗដល់ថ្នាក់ដឹកនាំសហជីពក្នុងការបន្តបេសកកម្មការពារ សិទ្ធ និងអត្ថប្រយោជន៍បងប្អូនកម្មករ និងលើកកម្ពស់សិទ្ធិសេរីភាពការងារនៅកម្ពុជា ៕


Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣