នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២៦ (ចំថ្ងៃសីល ពេញបូណ៌មី) លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានអញ្ជើញ និមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំសុំសិរីសួស្តី ដើម្បីបើកឱ្យដំណើរការប្រើប្រាស់ "ស្ពានបឹងក្រចាប់" ជាផ្លូវការ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកតា លោកយាយ សមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ការដាក់ឱ្យដំណើរការស្ពាននេះ គឺដើម្បី សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងកាត់បន្ថយការកកស្ទះ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
ក្នុងនាមរដ្ឋបាលសង្កាត់ពន្សាំង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ធីម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមូលដ្ឋានសង្កាត់ពន្សាំង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះ មេត្តាបើកបរដោយការប្រុងប្រយ័ត្ន និងចូលរួមថែរក្សាសមិទ្ធផលរួមនេះទាំងអស់គ្នា៕



















