ព្រៃនប់ ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនី ព្រមទាំងបុគ្គលិកដែលកំពុងបំពេញការងារយ៉ាងសកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង (Zhejiang Guoji SEZ)។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកអភិបាលស្រុកបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងលក្ខខណ្ឌការងាររបស់បងប្អូនកម្មករនិយោជិត។ លោកបានបញ្ជាក់ថា រដ្ឋបាលស្រុកតែងតែនៅក្បែរ និងគាំទ្រដល់កម្លាំងពលកម្មក្នុងមូលដ្ឋាន ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការជំរុញសេដ្ឋកិច្ច។
លោកអភិបាលស្រុកព្រៃនប់ បានផ្តល់កម្លាំងចិត្តដល់បុគ្គលិកគ្រប់ផ្នែក ឱ្យបន្តខិតខំបង្កើនសមត្ថភាព និងរក្សានូវសាមគ្គីភាពក្នុងកន្លែងការងារ ដើម្បីបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរឡើង។
ការចុះវត្តមាននេះ ក៏បង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរដែនដី និងក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីធានាបាននូវបរិយាកាសវិនិយោគប្រកបដោយស្ថិរភាព និងអត្ថប្រយោជន៍សម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំស្រុក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយប្រជាពលរដ្ឋ និងកម្មករនិយោជិត ដែលជាកម្លាំងផលិតកម្មដ៏ចម្បងរបស់កម្ពុជា៕







