ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានរៀបចំវគ្គបណ្តុះបណ្តាល វគ្គទី២ លើកទី៣ ស្តីពី «បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)» នៅឯស្នាក់ការកណ្តាលរបស់ខ្លួន ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីនេះបានប្រព្រឹត្តទៅក្រោមការចូលរួមពីថ្នាក់ដឹកនាំសហភាពសហជីព និងថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ៧ សរុបចំនួន ៣០ រូប។ វគ្គបណ្តុះបណ្តាលនេះត្រូវបានសម្របសម្រួល និងធ្វើបទបង្ហាញដោយ លោកស្រី សៀ គន្ធា ប្រធានសហព័ន្ធសហជីពការងារស្ត្រីកម្ពុជា (CWLUF)។

នៅក្នុងឱកាសនោះ លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានអញ្ជើញមានមតិសំណេះសំណាល និងជាអនុសាសន៍ផ្តាំផ្ញើដ៏មានអត្ថន័យ ដល់សិក្ខាកាមទាំងអស់។ លោកបានជំរុញ និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំសហជីពទាំងអស់ខិតខំយកចិត្តទុកដាក់រៀនសូត្រ និងស្វែងយល់ឱ្យបានច្បាស់លាស់នូវរាល់បទប្បញ្ញត្តិ និងគោលការណ៍ផ្សេងៗ នៃរបបសន្តិសុខសង្គម ប.ស.ស។ លោកបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាព និងចំណេះដឹងលើផ្នែកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើមី្បឱ្យថ្នាក់ដឹកនាំសហជីពមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយតម្រង់ទិស ណែនាំ និងការពារសិទ្ធិអត្ថប្រយោជន៍ស្របច្បាប់ជូនដល់បងប្អូនកម្មករ និយោជិតនៅតាមមូលដ្ឋាន។

គួរបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលពេញមួយថ្ងៃនេះ បានផ្តោតសំខាន់លើសសរស្តម្ភគន្លឹះចំនួន ៣ នៃរបបសន្តិសុខសង្គម រួមមាន៖ ១. ផ្នែកហានិភ័យការងារ ២. ផ្នែកសេវាថែទាំសុខភាព ៣. ផ្នែកប្រាក់សោធន ។
ខ្លឹមសារទាំងនេះគឺជាចំណេះដឹងជាមូលដ្ឋានដ៏មានសារៈប្រយោជន៍ សម្រាប់បងប្អូនកម្មករ និយោជិត បុគ្គលក្នុងវិស័យសាធារណៈ និងភាគីពាក់ព័ន្ធទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ ការយល់ដឹងច្បាស់អំពីគោលការណ៍ សិទ្ធិ និងអត្ថប្រយោជន៍នៃការទទួលបានការឧបត្ថម្ភពី ប.ស.ស ដែលទទួលបានការគាំទ្រ និងទ្រទ្រង់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជួយធានានូវកិច្ចគាំពារសង្គមដ៏រឹងមាំសម្រាប់កម្លាំងពលកម្មកម្ពុជា ។

វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយបានបំពាក់បំប៉ននូវចំណេះដឹង និងជំនាញប្រកបដោយប្រសិទ្ធភាពដល់ថ្នាក់ដឹកនាំសហជីព ដើមី្បយកទៅអនុវត្តក្នុងបេសកកម្មបម្រើអត្ថប្រយោជន៍ជូនកម្មករ និយោជិតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
























